ខេត្តសៀមរាប ៖ បុរសម្នាក់បានហៅនារីម៉ាស្សាម្នាក់ មកបម្រើសេវាម៉ាស្សាឱ្យខ្លួនដល់ក្នុងបន្ទប់ផ្ទះសំណាក់ លុះកំពុងម៉ាស្សាមានអារម្មណ៍ថាស្រួលខ្លួន ក៏សម្ងំធ្មេចភ្នែកដេកលក់មួយភាំង ដឹងអី! ភ្ញាក់ដឹងខ្លួនឡើងវិញ បាត់ទាំងនារីម៉ាស្សា បាត់ទាំងលុយកាក់គ្មានសល់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ផ្ទះសំណាក់មួយកន្លែង យីហោ ហ៊ាសៀភីងគន់ មានទីតាំងស្ថិតក្នុងភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប។
នារីជាជនសង្ស័យដែលលួចលុយភ្ញៀវ និងត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះភាព រី ហៅអាណែត អាយុ៣០ឆ្នាំ មុខរបរម៉ាស្សា។ ចំណែកបុរសរងគ្រោះ មានឈ្មោះ Rechichi Raffaele ជនជាតិអ៊ីតាលី ជាភ្ញៀវទេសចរណ៍ ស្នាក់នៅផ្ទះសំណាក់ ហ៊ាសៀភីងគន់។ ចំណែកលុយកាក់ដែលនារីសង្ស័យលួចយកទៅ មានចំនួន២៨០០អឺរ៉ូ ស្មើនឹងប្រមាណ៣២២០ដុល្លារ។
សមត្ថកិច្ចបានបញ្ជាក់ថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងខាងលើ សមត្ថកិច្ចក៏បានចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ការចាប់ខ្លួន នារី សង្ស័យឈ្មោះភាព រី ហៅអាណែត នៅវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨៕