កំពង់ធំ ៖ កាលពីវេលាម៉ោង១៥និង៤០នាទី ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ កុមារា២នាក់បានបាត់បង់ជីវិតដោយសារលង់ទឹកស្រះស្លាប់ នៅចំណុចខាងក្រោយផ្ទះ ចម្ងាយប្រហែល១៣៥ម៉ែត្រ ភូមិពុកយុក សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន។
កុមារាទាំង២នាក់ ទី១. ឈ្មោះញុឹម ដែន ភេទប្រុស អាយុ១៣ឆ្នាំ មានឪពុកឈ្មោះ រ៉ាត់ លែងលះម្តាយឈ្មោះ ញុឹម រឿន ទៅធ្វើការនៅប្រទេសថៃ។ ទី២. ឈ្មោះ សាក់ វិច្ឆិកា ហៅចាវ ភេទប្រុស អាយុ១៤ឆ្នាំ មានឪពុកឈ្មោះសាក់ ចាន់ ម្តាយឈ្មោះវង្ស នី រស់នៅភូមិពុកយុក សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ជាមួយគ្នា។
តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា គេឃើញក្មេងទាំង២នាក់ កំពុងលេងក្បែរមាត់ស្រះ ពេលនោះបានរអិលធ្លាក់ចូលស្រះលង់ស្លាប់ទាំង២យ៉ាងអាណោចអាធ័ម។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យសាកសពក្មេងប្រុសទាំង២ រួចបានបញ្ជាក់ថា កុមារាទាំង២ ពិតជាបានស្លាប់ដោយសារលង់ទឹកស្លាប់ប្រាកដមែន។
បច្ចុប្បន្នសាកសពកុមារាទាំង២ ត្រូវសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕