Saturday, July 5, 2025
Homeព័ត៌មានជាតិដង្ហែសព ឪកូន៣នាក់ឃាតករកាប់ស្លាប់ អ្នកស្រុកយំផ្អើលភូមិ

ដង្ហែសព ឪកូន៣នាក់ឃាតករកាប់ស្លាប់ អ្នកស្រុកយំផ្អើលភូមិ

ខេត្តកំពង់ចាម ៖ សាកសពឪពុកកូន៣នាក់ ដែលលើកគ្នាទៅកាប់គូទំនាស់ តែអកុសលត្រូវគេតដៃវិញ បណ្តាលឱ្យស្លាប់ទាំង៣នាក់ឪកូន យ៉ាងអាណោចអាធ័ម កាលពីល្ងាចថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ នៅចំណុចភូមិថ្មកែវ ឃុំត្រប់ ស្រុកបាធាយ ត្រូវបានក្រុមគ្រួសាររៀបចំពិធីបុណ្យសព និងដង្ហែទៅបូជារួចរាល់ហើយ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ ក្រោមសម្រែកទ្រហោយំទ្រហឹងពេញភូមិ ដោយសារតែទាំងសាច់ញាតិ ក្រុមគ្រួសារ និងអ្នកស្រុកភូមិ សុទ្ធនឹកស្មានមិនដល់ថា ត្រឹមមួយប៉ព្រិចភ្នែកប៉ុណ្ណោះ ជីវិតឪពុកកូន៣នាក់ ត្រូវស្លាប់ទៅព្រមគ្នាបែបនេះសោះ។

ពិធីបុណ្យសព និងការដង្ហែសពជនរងគ្រោះទាំង៣នាក់ខាងលើទៅបូជា ត្រូវបានមនុស្សម្នា អ្នកស្រុកភូមិចូលរួមយ៉ាងច្រើនកុះករ ហើយគេឃើញសុទ្ធតែយុវជនពេញកម្លាំងមិនតិចជាង៣០នាក់នោះទេ ដែលបានជួយសែងក្តារមឈូសទាំង៣ ដើរដង្ហែទៅកាន់ទីបច្ឆាដើម្បីបូជា ក្នុងនោះ មឈូសនីមួយៗដែលត្រូវបានចងភ្ជាប់ដោយស្នែងឬស្សីវែងៗ ចំនួន២ មានយុវជនចំនួន៨នាក់ ជួយលីដាក់លើស្មា (មុខក្រោយ ឆ្វេងស្តាំ) និងបាននាំគ្នាដើរដង្ហែកាត់ស្រែ កាត់ភ្លឺ មុននឹងចូលទៅដល់ទីតាំងបូជា។ ដោយឡែក អ្នកស្រុកភូមិម្នាក់ៗ ខ្លះបានបង្ហូរទឹកភ្នែក ខ្លះស្រែកទ្រហោយំទ្រហឹងពេញភូមិ ដោយសារតែក្តុកក្តួលចិត្ត ពេលឃើញការដង្ហែសពទៅបូជាម្តង មានមឈូសដល់ទៅ៣បែបនេះ។

គួររំលឹកថា កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ មានករណីឃាតកម្មដ៏ឃោរឃៅមួយ បានកើតឡើងនៅចំណុចភូមិថ្មកែវ ឃុំត្រប់ ស្រុកបាធាយ ដោយបុរស២នាក់បានអង្គុយផឹកស៊ីជុំគ្នា លុះស្រវឹងធ្លាក់ភ្នែក កើតមានជម្លោះតឹងសរសៃក ឈានដល់ការកាប់ប្រហារគ្នា បណ្តាលឱ្យភាគីម្ខាងដែលរងរបួសតិចតួចខឹង ក៏ដើរទៅផ្ទះហៅឪពុក រួមនឹងប្អូនប្រុសម្នាក់ទៀតមកជួយ បំណងព្រួតកាប់សម្លាប់គូទំនាស់ តែអកុសល បែរជាត្រូវគូទំនាស់កាប់ប្រហារបណ្តាលឱ្យស្លាប់ទាំង៣នាក់ឪកូន គួរឱ្យសង្វេគ។

ជនដៃដល់ជាឃាតករ មានឈ្មោះឯម ភៀង អាយុ៤១ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកជនរងគ្រោះទាំង៣នាក់ឪពុកកូន រួមមាន ទី១-ឈ្មោះនី ណុន អាយុ៥៣ឆ្នាំ មុខរបរកសិករ (ជាឪពុក) ទី២-ឈ្មោះណុន ឆវ័ន ភេទប្រុស អាយុ១៩ឆ្នាំ (ជាកូន) និងទី៣-ឈ្មោះណុន វី ភេទប្រុស អាយុ២២ឆ្នាំ (ជាកូន)។ ជនរងគ្រោះទាំង៣នាក់ឪពុកកូន មានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ ជាមួយគ្នា។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា កាលពីរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ គេឃើញជនដៃដល់ឈ្មោះឯម ភៀង និងជនរងគ្រោះឈ្មោះណុន វី បានផឹកស៊ីជាមួយគ្នា នៅផ្ទះរបស់ជនដៃដល់។ លុះស្រវឹងធ្លាក់ភ្នែក ក៏កើតជាទំនាស់ពាក្យសម្តីតឹងសរសៃកដាក់គ្នា ហើយភ្លាមនោះឈ្មោះឯម ភៀង ក៏ស្ទុះទៅទាញយកកាបិតផ្គាក់របស់ខ្លួនមកកាប់ទៅលើឈ្មោះណុន វី បណ្តាលឱ្យរងរបួសស្រាល ធ្វើឱ្យឈ្មោះណុន វី ខឹង ក៏ដើរទៅផ្ទះរបស់ខ្លួនវិញបាត់ទៅ។ លុះមួយសន្ទុះក្រោយមក ជនរងគ្រោះឈ្មោះណុន វី និងឈ្មោះនី ណុន ត្រូវជាឪពុក រួមនឹងឈ្មោះណុន ឆវ័ន ត្រូវជាប្អូនប្រុស បាននាំគ្នាត្រឡប់មករករឿងឈ្មោះឯម ភៀង ដល់ផ្ទះ ដោយម្នាក់ៗមានកាន់ពូថៅ និងដំបងជាប់នឹងដៃទៀតផង រួចក៏កើតជាឆាកប្រយុទ្ធស៊ីសាច់ហុតឈាមគ្នា ដោយក្រុមជនរងគ្រោះ៣នាក់ឪកូន មានបំណងផ្តាច់យកជីវិតរបស់ជនដៃដល់ឈ្មោះឯម ភឿន តែម្តង ប៉ុន្តែ អកុសល បែរជាត្រូវជនដៃដល់ទាញកាំបិតផ្គាក់កាប់ទៅលើអ្នកទាំង៣វិញ បណ្តាលឱ្យឈ្មោះនី ណុន ឈ្មោះណុន ឆវ័ន ២នាក់ឪពុកកូនស្លាប់នៅ កន្លែងកើតហេតុ ចំណែកឈ្មោះណុន វី រងរបួសធ្ងន់ និងត្រូវក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យដែរ តែអកុសល ជួយមិនបានក៏ដាច់ខ្យល់ស្លាប់ក្នុងមន្ទីពេទ្យបង្អែកបាធាយតែម្តង។

ក្រោយពីដឹងថា ខ្លួនបានកាប់មនុស្សស្លាប់ទាំង៣នាក់ឪពុកកូនក្នុងថ្លុកឈាមហើយនោះ ជនដៃដល់ក៏ចង់រត់គេចដែរ ប៉ុន្តែដោយជាតិសុរា ស្រវឹងធ្លាក់ភ្នែក ទើបមិនអាចគេចទៅណារួច បណ្តោយឱ្យសមត្ថកិច្ចចាប់ខ្លួនភ្លាមៗតែម្តង។ យ៉ាងណា ជនដៃដល់បានបញ្ជាក់ចុងក្រោយថា រឿងរ៉ាវដំបូងមិនជាធំដុំទេ ហើយពួកគេក៏គ្មានទំនាស់គ្នាកន្លងមកដែរ ប៉ុន្តែនេះដោយសារសុរាជាត្រីមុខ ផឹកស៊ីក្លែមសំដី ទើបបណ្តោយឱ្យមោបាំងជញ្ជាំងបិទ លែងស្គាល់មិត្តស្គាល់សត្រូវបែបនេះតែម្តង៕

RELATED ARTICLES