ភ្នំពេញ ៖ បុរសម្នាក់ស្ថិតក្នុងសភាពស្រវឹងស្រាជោកជាំ បានបើករថយន្តទំនើប ម៉ាកឡិចស៊ីស LX-460L ពណ៌ទឹកប្រាក់ គ្មានពាក់ស្លាកលេខ ជ្រុលទៅបុករថយន្តមួយគ្រឿងទៀត ម៉ាក HILUX-VEVO ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AW-6748 ដែលកំពុងចតស្ងៀម បណ្តាលឱ្យចំកាងខាងក្រោយរថយន្តរបស់គាត់ផ្នែកខាងស្តាំកំពិតតិចតួច រួចមិនព្រមឈប់ដោះស្រាយនោះទេ។ ក្រោយពីបង្កហេតុ អ្នកបើករថយន្តបង្ក មិនព្រមឈប់រថយន្តដោះស្រាយគ្នានោះទេ បែរជាបើករត់គេច រហូតមកដល់ចំណុចយានដ្ឋានជួសជុលរថយន្តមួយកន្លែង យីហោ អ៊ីប៉ូល ស្ថិតនៅផ្លូវបេតុងលេខ៩៩ ខាងត្បូងសួនកម្សាន្តចម្ការព្រីង ប្រមាណជា៥០ម៉ែត្រ ក៏ត្រូវបានកម្លាំងសមត្ថកិច្ចដេញចាប់ជាប់។ ស្រាប់តែភ្លាមនោះ ម្ចាស់រថយន្តបង្កចេញពីរថយន្តមកបានស្រែកឡូឡាផ្អើលអស់អ្នកជិតខាង និងថែមទាំងលោតមកវាយសមត្ថកិច្ច និងអ្នកសារព័ត៌មានដែលចុះទៅថតផ្តិតយករូបភាព ធ្វើឱ្យរត់ចែកជើងគ្នា តែមិនបង្កឱ្យមានរបួសស្នាមអ្វីនោះទេ។ បន្ទាប់មក សមត្ថកិច្ចក៏ធ្វើការឃាត់ខ្លួនជនបង្ករូបនោះភ្លាមៗ ស្រាប់តែរំពេចនោះ គេឃើញមានយុវជនម្នាក់ដោះអាវ មិនដឹងជាមកពីខាងណា រឺមួយក៏ជាបក្ខពួកជនបង្កគ្រោះថ្នាក់នោះទេ បានមករករឿងសមត្ថកិច្ច និងបម្រុងតដៃទៀតផង បែរជាព្យាយាមបើករត់គេច លុះសមត្ថកិច្ចដេញចាប់បាន ស្រាប់តែស្ទុះរមករករឿងវាយទាំងសមត្ថកិច្ច និងអ្នកសារព័ត៌មានទៅវិញ។
ហេតុការណ៍បុរសស្រវឹងបង្កគ្រោះថ្នាក់ចរាចរណ៍ មិនព្រមទទួលខុសត្រូវ ហើយនៅបង្កហិង្សាដាក់គេឯងទៀតនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ នៅចំណុចមុខហាងកាហ្វេមួយកន្លែង ស្ថិតនៅខាងលិចស្តុប២៤ម៉ោង ប្រមាណជាង១០០ម៉ែត្រ តាមបណ្តោយផ្លូវសម្តេចជាស៊ីម ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
ក្រោយកើតហេតុ ម្ចាស់រថយន្តបង្កត្រូវបានកម្លាំងសមត្ថកិច្ចជំនាញចាប់ដាក់ក្នុងរថយន្ត និងបញ្ជូនខ្លួនមកអធិការដ្ឋាននគរបាលខណ្ឌសែន សុខ ដើម្បីធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕