ភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្កជាអំពើហិង្សាមួយបានកើតឡើង ដោយបុរសជាមន្ត្រីនគរបាលស្លៀកពាក់ស៊ីវិលម្នាក់ ជិះម៉ូតូក្នុងល្បឿនលឿន រួចក៏ជ្រុលទៅបុកបុរសជាអ្នករត់ម៉ូតូឌុបម្នាក់ បណ្តាលឱ្យរងរបួសតិចតួច មិនព្រមឈប់ដោះស្រាយតាមសម្រួល បែរជាព្យាយាមជិះរត់ លុះបុរសជាអ្នករត់ម៉ូតូឌុប ជិះម៉ូតូដេញតាមហៅសួរនាំ ស្រាប់តែផ្ទុះកំហឹងដកកាំភ្លើងវាយអ្នករត់ម៉ូតូឌុបម្នាក់បណ្តាលបែកក្បាលហូរឈាមស្រោចខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍ឃាត់ខ្លួន នាំយកទៅចាត់ការតាមច្បាប់ កាលពីវេលាម៉ោង៩ និង៤០នាទីយប់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវ៥៩៨ ត្រង់ចំណុចស្ពានអាកាស៧មករា ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
បុរសរងគ្រោះមានឈ្មោះ ហេង តិ អាយុ៤៩ឆ្នាំ មុខរបរអ្នកដឹកត្រីលក់ និងរត់ម៉ូតូឌុប ស្នាក់នៅម្តុំផ្សារត្រពាំងឈូក ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ចំណែកលោកប៉ូលិសជើងខ្លាំង មិនត្រូវបានស្គាល់ឈ្មោះនោះទេ មានតួនាទីជាប្រធានមន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ (ក៦) មានលំនៅក្នុងបូរីសឡា តាមបណ្តោយផ្លូវ៣៧១ ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ។
ក្រោយពេលកើតហេតុសមត្ថកិច្ច បាននាំខ្លួនជនបង្ក និងជនរងគ្រោះទៅកាន់អធិការដ្ឋាននរបាលខណ្ឌសែនសុខ ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕