Saturday, July 5, 2025
Homeព័ត៌មានជាតិលោកជុំ កុសល ចាត់ទុកសម្តេចហ៊ុន សែន ជាអច្ឆរិយជនរបស់កម្ពុជា

លោកជុំ កុសល ចាត់ទុកសម្តេចហ៊ុន សែន ជាអច្ឆរិយជនរបស់កម្ពុជា

ភ្នំពេញ ៖ លោកជុំ កុសល ទីប្រឹក្សាឋានៈស្មើរដ្ឋមន្ត្រី និងបច្ចុប្បន្ន ត្រូវបានតែងតាំងបន្ថែមជារដ្ឋលេខាធិការក្រសួងព័ត៌មាន នៅក្នុងរាជរដ្ឋាភិបាលអាណត្តិទី៦ថ្មីនេះ បានចាត់ទុកសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជា “អច្ឆរិយជនរបស់កម្ពុជា” ដែលបានជួយឱ្យកម្ពុជា មានដង្ហើមរស់ឡើងវិញ មានសន្តិភាព មានកិត្តិសព្ទនៅលើឆាកអន្តរជាតិ។

លោកជុំ កុសល បានសរសេរនៅក្នុងទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ អមជាមួយរូបថតសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមក្នុងវេទិកាអន្តរជាតិ ថា “គាត់គឺជាជនរងគ្រោះសង្គ្រាម ក្លាយជាអ្នកពន្លត់ភ្លើងសង្គ្រាម និងនាំសន្តិភាពជូនជាតិ”។

សម្តេចអគ្គមហាេនាបតីតេជោហ៊ុន សែន និងសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ

-គាត់គឺជាទាសករមាតុភូមិ តាំងពីតរុណវ័យ ដែលមិនចេះនឿយហត់។ ប៉ុន្តែគាត់គឺជាបន្លានៅក្នុងកែវភ្នែកដ៏សែនពិបាក និងជាមហាឧបសគ្គចំពោះក្រុមអ្នកដែលមិនចង់ឱ្យកម្ពុជា បានសុខ។

-តើគាត់មានកំហុសដែរឬ នៅពេលដែលគាត់បានលះបង់ការសិក្សា លះបង់ក្រុមគ្រួសារ និងភាពជាយុវវ័យរបស់គាត់ ចូលបម្រើកងទ័ពតាមការអំពាវនាវរបស់សម្តេចព្រះនរោត្តម សីហនុ ដើម្បីរំដោះជាតិ ពីរបបអាយ៉ងអាមេរិក លន់ នល់ រហូតបាត់បង់កែវភ្នែកម្ខាង និងរងរបួសពេញប្រាណ ?

-តើគាត់ខុសដែរឬ នៅពេលដែលគាត់ផ្តាច់ខ្លួនចេញពីខ្មែរក្រហម ដោយសារតែគេអនុវត្តនយោបាយកាប់សម្លាប់ប្រជាជនឯង ហើយបានយកជីវិតទៅធ្វើដើមទុន ដើម្បីសង្គ្រោះជីវិតប្រជាជន ចេញពីរបបខ្មែរក្រហម ?

-តើគាត់ខុសដែរឬ នៅពេលដែលគាត់បានផ្តួចផ្តើមគំនិតឱ្យមានជំនួបចរចាជាមួយសម្តេចព្រះនរោត្តម សីហនុ តំណាងខ្មែរត្រីភាគី ក្នុងបុព្វហេតុផ្សះផ្សាបង្រួបបង្រួមជាតិ នាំឱ្យកើតមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១?

-តើគាត់ខុសដែរឬ នៅពេលដែលគាត់បានយកជីវិតទៅធ្វើដើមទុនម្តងទៀត ដើម្បីប្តូរយកសន្តិភាពជូនជាតិ ជាមួយក្រុមឧទ្ទាមខ្មែរក្រហម នៅចុងឆ្នាំ១៩៩៨ ?

-តើគាត់ខុសដែរឬ នៅពេលដែលគាត់ប្រកាន់គោលជំហររឹងមាំដាច់ខាត ដើម្បីការពារបូរណភាពទឹកដី ប្រឆាំងតបចំពោះការឈ្លានពានរបស់ប្រទេសក្បែរខាង ?

-តើគាត់ខុសដែរឬ នៅពេលគាត់អនុវត្តច្បាប់លើបុគ្គល ឬក្រុមនយោបាយ ឬក្រុមបរទេសណាមួយ ដើម្បីសុវត្ថិភាពសង្គម?

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា

រាល់ទង្វើទាំងអស់របស់គាត់ គឺជាការធ្វើពលិកម្មដើម្បីជាតិ និងប្រជាជនរបស់គាត់។ ក្នុងដំណើរជាងពាក់កណ្តាលនៃជីវិតរបស់គាត់ទៅហើយ សួរថា តើគាត់ដែលមានពេលវេលាគ្រប់គ្រាន់ដើម្បីផ្ទាល់ខ្លួនគាត់ ក្រុមគ្រួសារគាត់ ដូចអ្នកប្រឆាំងគាត់ទេ? ជាមួយគ្នានេះ គាត់បានទទួលរងនូវភាពអយុត្តិធម៌ច្រើនពេកហើយ ពីពួកអ្នកប្រឆាំងគាត់ តាំងពីឆ្នាំ១៩៧៩ មក នូវការជេរប្រមាថគ្រប់រូបភាពចំពោះគាត់ និងក្រុមគ្រួសារគាត់។

ក្នុងនាមប្រជាពលរដ្ឋមួយរូប ដែលរស់នៅក្នុងសង្គមកម្ពុជា ដែលមានសន្តិភាព និងការអភិវឌ្ឍដោយសារគាត់ យើងសូមប្រសិទ្ធនាមដល់គាត់ គឺជាអច្ឆរិយជនរបស់កម្ពុជា ដែលបានជួយកម្ពុជា ឱ្យមានដង្ហើមរស់ឡើងវិញ មានកិត្តិសព្ទជាថ្មីនៅលើឆាកពិភពលោក និងសូមប្រឆាំងដាច់ខាតចំពោះក្រុមឧទ្ទាមកម្មនយោបាយដែលមានបំណងបំផ្លិចបំផ្លាញកម្ពុជា” ។

បន្ថែមលើសំណេរតាមហ្វេសប៊ុកខាងលើនេះ លោកជុំ កុសល បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ ថា ពាក្យ “អច្ឆរិយជន” គឺស័ក្តិសមចំពោះសម្តេចហ៊ុន សែន ហើយប្រជាពលរដ្ឋគួរតែតបស្នងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះអ្វីដែលសម្តេច បានធ្វើចំពោះជាតិ ចំពោះប្រជាពលរដ្ឋកម្ពុជា នោះ គឺមានអីក្រៅតែពីចូលរួមការពារសន្តិភាពជាមួយសម្តេច។

លោកជុំ កុសល បានមានប្រសាសន៍ថា “ខ្ញុំចាត់ទុកសម្តេចជាអច្ឆរិយបុគ្គល ឬក៏ជាអច្ឆរិយជន ពីព្រោះខ្ញុំផ្អែកទៅលើភាពអស្ចារ្យរបស់លោក ដែលក្នុងនាមលោកជាមនុស្សម្នាក់ដូចមនុស្សដទៃអ៊ីចឹងដែរ ប៉ុន្តែលោកមានភាពអច្ឆរិយមួយ ពេលដែលលោកយកជីវិតទៅធ្វើដើមទុន ក្នុងឆ្នាំ៧៧ ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ ពេលដែលលោកឆ្លងកាត់ពីព្រំដែនប្រទេសយើង ទៅកាន់វៀតណាមហ្នឹង គឺឆ្លងកាត់ឧបសគ្គជាច្រើនណាស់ ហើយជាឧបសគ្គស្លាប់រស់ ដូចជាឆ្លងកាត់ចម្ការមីន ត្រូវប្រឈមមុខជាមួយនឹងពួកខ្មែរក្រហម ប្រឈមមុខជាមួយនឹងកងការពារព្រំដែនវៀតណាម អីអ៊ីចឹងជាដើម សុទ្ធតែជីវិតហើយ។ ប៉ុន្តែដោយសារតែភាពអច្ឆរិយរបស់លោក ទើបធ្វើឱ្យជីវិតលោករួច ហើយរហូតដល់បានជោគជ័យនៅក្នុងដំណើរបេសកកម្មដើម្បីបុព្វហេតុជាតិ ចំណុច១ អាហ្នឹងជាភាពអច្ឆរិយ ។ មួយទៀត ក្នុងការដឹកនាំរបស់លោក បើទោះជាជាតិហ្នឹង មានឧបសគ្គដល់កម្រិតណាក៏ដោយ គឺថា លោកតែងប្រឈមមុខដោះស្រាយបញ្ហាបានជានិច្ច ទោះបីមានបញ្ហាអីក៏ដោយ។ ដូចករណីមានការរំលោភបំពានពីភាគីសៀម ឆ្នាំ២០០៨អី គឺថា នេះហើយជាភាពអច្ឆរិយ។ បានន័យថា សម្តេចស័ក្តិសមនឹងទទួលពាក្យនេះ ឬលើសពីនឹងទទួលពាក្យនេះ។ ដូច្នេះខ្ញុំយល់ថា ប្រជាពលរដ្ឋ លោកគួរតែតបស្នងលោកវិញ ចំពោះអ្វីដែលលោកធ្វើចំពោះជាតិ ចំពោះប្រជាពលរដ្ឋហ្នឹង គឺមានអីក្រៅតែពីចូលរួមការពារសន្តិភាពជាមួយលោក តាមរយៈការគាំទ្រលោក តាមឆន្ទៈរបស់យើងអ៊ីចឹងទៅ អាហ្នឹងគឺជាការតបស្នងហើយ”។

លោកជុំ កុសល

លោកប៉ាន់ ខែមប៊ុនថន ប្រធានក្រុមយុវជនស្រលាញ់សន្តិភាព បានគាំទ្រពេញទំហឹងនូវការលើកឡើងរបស់លោកជុំ កុសល ខាងលើនេះ ដោយលោកបានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃ ទី២៣ ខែតុលា ឆ្នាំ២០១៨ ថា សម្រាប់លោកបានចាត់ទុកសម្តេចហ៊ុន សែន លើសពីអច្ឆរិយជនទៅទៀត ព្រោះសម្តេចបានលះបង់ច្រើនណាស់ ដើម្បីប្រទេសជាតិ។ ក្នុងនោះ គឺការនាំមកនូវសន្តិភាពហ្នឹងឯង ដែលធ្វើឱ្យលោកចងចាំមិនអាចបំភ្លេច និងព្យាយាមយកគំរូតាម ក្នុងនាមជាយុវជនជំនាន់ក្រោយ។

លោកប៉ាន់ ខែមប៊ុនថន បានមានប្រសាសន៍ថា “ពាក្យនេះ ខ្ញុំសូមសម្តែងនូវការគាំទ្រ ព្រោះនេះ ពាក្យនេះ ពាក្យពិត ហើយយើងបានឃើញ ហើយថា ក្នុងពេលដែលប្រទេសកម្ពុជា ជួបនូវភ្នក់ភ្លើងសង្គ្រាម ជាពិសេសគឺរបបប៉ុល ពត នៃការកាប់សម្លាប់គ្មានត្រាប្រណី ប្រជាជនកម្ពុជា ទាំងប្រុសស្រី គ្មានដែលគិតថា យើងមានថ្ងៃនេះទេ។ អ៊ីចឹងការមានថ្ងៃនេះ គឺកើតឡើង ហាក់ដូចជារឿងមួយដែលយើងមិនធ្លាប់បាន គិតពីមុនមក ហើយសម្តេចតេជោ គឺជាតួអង្គមួយអង្គ ដែលយើងអាចនិយាយបានថា សឹងលើសពីអច្ឆរិយបុគ្គលទៅទៀត ដែលអាចក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ប្រែក្លាយកម្ពុជា ពីតំបន់សោកនាដកម្មពីតំបន់ខ្ទេចខ្ទាំ ក្លាយទៅជាប្រទេសមួយដែលមានមុខមាត់ស្មើនឹងអន្តរជាតិ លើសកលលោក ដែលពិសេស គឺនាំមកនូវសេរីភាព សន្តិភាពពេញលេញជូនប្រជាជនកម្ពុជា ជូនប្រជាជាតិកម្ពុជា។ អ៊ីចឹងយើងនិយាយពាក្យនេះ ខ្ញុំសឹងនិយាយថា អាចលើសពីពាក្យនេះទៅទៀត ក៏ថាបានដែរ។ ក្នុងន័យនេះ ជាការកត់សម្គាល់ ចំពោះសមិទ្ធផលដែលសម្តេចបានធ្វើ បើយើងនិយាយពីហេដ្ឋារចនាសម្ព័ន្ធ ខ្ញុំសុំមិននិយាយទេ ព្រោះយើងបានឃើញទាំងអស់គ្នា ប៉ុន្តែសុំនិយាយថា អ្វីដែលយើងអាចនិយាយបាននោះ គឺថា កម្ពុជា រយៈពេលប៉ុន្មានសតវត្សរ៍ កន្លងមកហ្នឹង គិតពីប្រវត្តិសាស្ត្រកម្ពុជា ពីមុនមក គឺយើងមិនដែលស្គាល់ពាក្យថា សន្តិភាពបរិបូណ៌ ហើយមានអាយុកាលយូរអង្វែងអ៊ីចឹងទេ យើងជួបតែរឿងទំនាស់ យើងជួបតែរឿងកាប់សម្លាប់ សង្គ្រាមម្តងហើយម្តងទៀត មិនឈប់ឈរ ក្លាយជាប្រទេសមួយដែលពិភពលោក គេអត់ស្គាល់កម្ពុជា ទេ បើយើងគិតទៅ សឹងតែបាត់មុខពីពិភពលោកទៅហើយ សូម្បីតែនៅក្នុងវចនានុក្រមសាសន៍ហ្នឹង គេអត់ដាក់ទាំងទង់ជាតិកម្ពុជា ផង ក្នុងពេលដែលបណ្តាប្រទេសផ្សេងៗពីកម្ពុជា នោះ គេមានបានដាក់គ្រប់ទាំងអស់ គេស្គាល់ទាំងអស់ ដោយសារអី? ដោយសារកម្ពុជា ស្ទើរតែបាត់មុខទៅហើយ លើសកលលោក កាលពីមុនមក ប៉ុន្តែអ្វីដែលកម្ពុជា មាននៅក្នុងថ្ងៃនេះ គឺប្រជាជនកម្ពុជា ទាំងក្នុងនិងក្រៅប្រទេស ឃើញហើយ ការងើបមុខស្មើទៅនឹងបណ្តាប្រទេសធំៗនៅលើសកលលោក”។

លោកប៉ាន់ ខែមថែម

លោកប៉ាន់ ខែមថែម បានបន្ថែមថា “ខ្ញុំចង់ចូលរួមបន្តិច ក្នុងនាមយុវជនស្រលាញ់សន្តិភាព តំណាងឱ្យក្រុមយុវជនស្រលាញ់សន្តិភាពទាំងអស់តែម្តង គឺចង់បញ្ជាក់ថា សន្តិភាព សម្តេចតេជោ និងរាជរដ្ឋាភិបាល នាំមកហើយ ជូនប្រជាជាតិកម្ពុជា មួយនេះហើយ ដូច្នេះយើងជាប្រជាពលរដ្ឋទាំងអស់គ្នា គឺជាកោសិកានៃការរួមគ្នាថែរក្សានូវសុខសន្តិភាព ពិសេសគឺបណ្តាញយុវជនទាំងអស់ ដែលជាទំពាំងស្នងឫស្សី ត្រូវគប្បីសិក្សាអំពីប្រវត្តិសាស្ត្រឱ្យបានច្បាស់ ហើយបើកាលណាស្វែងយល់ពីប្រវត្តិសាស្ត្រច្បាស់ហើយ យើងថ្លឹងថ្លែងមើលថា ក្នុងសម័យតេជោសែន នេះ គឺជាសម័យមួយដែលបានផ្តល់នូវសន្តិភាពពេញលេញបរិបូណ៌ ដូចជា តម្លៃអច្ឆរិយនៃកម្ពុជា។ អ៊ីចឹងយុវជនទាំងអស់ ត្រូវបន្តគាំទ្រនូវការដឹកនាំរបស់សម្តេចតេជោ គាំទ្រនូវអ្វីដែលគណបក្សប្រជាជនកម្ពុជា បានបួជាលះបង់ដើម្បីប្រជាជាតិកម្ពុជា ដោយចាប់ពីយើងទាំងអស់គ្នា ក្នុងនាមយុវជន និងប្រជាជនទាំងអស់ ដើម្បីជាកោសិកាមួយការពារថែរក្សា ឱ្យបានគង់វង្សយូរអង្វែងតទៅមុខទៀត ព្រោះថា បើសិនជាយើងគ្មានសន្តិភាព គឺយើងមិនអាចធ្វើអ្វីកើតនោះទេ។ ក្នុងបណ្តាប្រទេសក៏ដោយ ក្នុងសង្គមក៏ដោយ បើកាលណាអត់សន្តិភាព យើងធ្វើអីអត់កើតទេ បើកាលណា យើងមានសន្តិភាពហើយ ទើបយើងឆ្ពោះទៅមុខបាន។ ដូច្នេះសន្តិភាព គឺជាកត្តាទី១ ដែលសំខាន់ជាងគេបង្អស់ សម្រាប់ជីវិតរស់នៅរបស់ មនុស្សនៅលើសកលលោក”៕

RELATED ARTICLES