យោងទៅតាមប្រភពព័ត៌មាន Ruters ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែតុលា ឆ្នាំ២០១៨ នេះបានឱ្យដឹងថា រយៈពេលត្រឹមតែ៤៨ម៉ោងតែប៉ុណ្ណោះ គ្រាប់បែកចំនួន៨កញ្ចប់ ត្រូវបានគេផ្ញើទៅដល់ផ្ទះ និងការិយាល័យរបស់អ្នកនយោបាយ មកពីគណបក្សប្រជាធិបតេយ្យ ដែលជាគូប្រជែងជាមួយនឹងលោកដូណាល់ ត្រាំ មុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី០៦ ខែវិច្ឆិកា ខាងមុខនេះ។
គ្រាប់បែកទាំង៨កញ្ចប់នោះ ត្រូវបានគេយកទៅដាក់នៅមុខផ្ទះលោកស្រីហ៊ីឡារី គ្លីនតុន អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ, នៅខាងមុខការិយាល័យអតីតប្រធានាធិបតី ប៉ារ៉ាក់ អូប៉ាម៉ា និងនៅតាមផ្ទះរបស់មន្ត្រីនយោបាយសំខាន់ៗរបស់គណបក្សប្រជាធិបតេយ្យ ព្រមទាំងការិយាល័យសារព័ត៌មាន CNN ប្រចាំទីក្រុងញូវយ៉ក ផងដែរ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន អភិបាលក្រុងញូវយ៉ក លោក Bill De Blasio បានថ្លែងប្រាប់អ្នកសារព័ត៌មានថា “សកម្មភាពយកគ្រាប់បែកទៅដាក់នៅតាមផ្ទះ និងការិយាល័យរបស់អ្នកនយោបាយ មកពីគណបក្សប្រជាធិបតេយ្យនេះ គឺជាអំពើភេរវកម្មយ៉ាងពិតប្រាកដ”។
លោកបានថ្លែងទៀតថា “នេះគឺជាការបំភិតបំភ័យស្មារតីគូប្រកួត មុនការរៀបចំការបោះឆ្នោតពាក់កណ្តាលអាណត្តិ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី០៦ ខែវិច្ឆិកា ខាងមុខនេះ”។
ទោះជាយ៉ាងណាក្តី គ្រាប់បែកទាំង៨កញ្ចប់នោះ មិនបានធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតរបស់នរណាម្នាក់នោះទេ ហើយរហូតមកដល់ពេលនេះ ក៏គ្មានអ្នកចេញមុខទទួលខុសត្រូវដែរ។
ពាក់ព័ន្ធទៅនឹងការដាក់គ្រាប់បែកនេះ លោកដូណាល់ ត្រាំ បានថ្លែងទៅកាន់មហាជននៅក្នុងទីក្រុងវ៉ាស៊ីនតោនថា រដ្ឋាភិបាលរបស់លោក និងចាប់ផ្តើមស៊ើបអង្កេតទ្រង់ទ្រាយធំមួយ។
លោកបានបន្តទៀតថា “ទង្វើគំរាមកំហែង ហិង្សានយោបាយ គឺជាការវាយប្រហារទៅលើរបបប្រជាធិបតេយ្យរបស់យើង។ យើងចង់ឱ្យគ្រប់ភាគីគណបក្សទាំងអស់រួមគ្នា នៅក្នុងសន្តិភាព និងសុខដុមរមនា”៕