Monday, July 7, 2025
Homeកីឡាអន្ដរជាតិម្ចាស់ក្លឹប Leicester និងមនុស្ស៤នាក់ ធ្លាក់ឧទ្ធម្ភាគចក្រស្លាប់

ម្ចាស់ក្លឹប Leicester និងមនុស្ស៤នាក់ ធ្លាក់ឧទ្ធម្ភាគចក្រស្លាប់

យោងតាមប្រភពព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃចន្ទ ទី២៩ ខែតុលា ឆ្នាំ២០១៨ នេះ បានឲ្យដឹងថា មហាសេដ្ឋីថៃ លោក Vichai Srivaddhanaprabha ម្ចាស់​ក្លឹប Leicester ពិត​ជាទទួល​​មរណភាព​មែន​ ក្នុងឧបទ្ទវហេតុ​ធ្លាក់​ឧទ្ធម្ភាគចក្រ​ កាល​ពី​យប់​ថ្ងៃ​សៅរ៍​ ក្រោយ​ពេល​ក្លឹប​របស់​លោក​ប្រកួត​បាន​ប្រហែល​១​ម៉ោង។

សេចក្តី​ថ្លែងការណ៍​របស់​ក្លឹប Leicester ​​បាន​ថ្លែងថា “វា​ពិត​ជាព័ត៌មានដ៏​ក្រៀម​ក្រំ​បំផុត ​ដែល​លោក​ប្រធាន​របស់​យើង Vichai Srivaddhanaprabha ស្ថិត​ក្នុង​ចំណោម​​អ្នក​បាត់​បង់​ជីវិត ​កាល​ពី​យប់​ថ្ងៃ​សៅរ៍​ នៅ​ពេល​ឧទ្ធម្ភាគចក្រ​ដឹក​នាំ​លោក និង​មនុស្ស​៤​នាក់​ផ្សេង​ទៀត ​បាន​ធ្លាក់​នៅ​ក្បែរ​កីឡដ្ឋាន King Power”។

ប៉ូលិសនៅកន្លែងកើតហេតុ បានឲ្យដឹងថា ឧបទ្ទវហេតុ​ធ្លាក់​ឧទ្ធម្ភាគចក្រ នេះ បានសម្លាប់មនុស្ស៥នាក់ ដែលក្នុងនោះ រួមមានលោក មហាសេដ្ឋី Vichai Srivaddhanaprabha បុគ្គលិករបស់លោក២នាក់ គឺ លោក Nursara Suknamai  និង Kaveporn Punpare និងអ្នកបើកបរ Eric Swaffer ព្រមទាំងមិត្តស្រីរបស់គាត់ គឺនាង Izabela Roza Lechowicz។

លោក Vichai វ័យ៦០ឆ្នាំ មានកូន៤នាក់ បានទិញក្លឹប Leicester កាលពីឆ្នាំ ២០១០ ក្នុងតម្លៃជាង៥០លានដុល្លារ។

ការប្រកួតដែល​ Leicester ស្មើ​ West Ham United ១-១ បានបញ្ចប់ទៅ១ម៉ោង មុនពេលឧទ្ធម្ភាគចក្រធ្លាក់។

 

សាក្សីម្នាក់បានឃើញអ្នកចាំទី Kasper Schmeichel រត់គេចចេញពីកន្លែងកើតហេតុ។​

គួរបញ្ជាក់ថា Leicester បានឈ្នះពាន Premier League ជាប្រវត្តិសាស្ត្រក្រោមការវិនិយោគរបស់លោក Srivaddhanaprabha៕

RELATED ARTICLES