ខេត្តកណ្តាល ៖ បុរសម្នាក់ត្រូវក្រុមគ្រួសារអះអាងថា បានកើតមានជំងឺសរសៃប្រសាទប្រចាំកាយ លុះស្ថានភាពជំងឺរើឡើង ក៏បានដើរស្រាតពេញភូមិអស់១យប់ ស្រាប់តែព្រឹកស្អែកឡើង ក៏ត្រូវបានប្រជាពលរដ្ឋច្រូតស្មៅគោ ប្រទះឃើញដេកស្លាប់អណោចអធ័ម ក្នុងដីឡូត៍មួយកន្លែង បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចភូមិកណ្តាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល។
បុរសរងគ្រោះដែលដេកស្លាប់ក្នុងដីឡូត៍រូបនេះ មានឈ្មោះហ៊ាន សុផល អាយុ៤០ឆ្នាំ មុខរបរកម្មករសំណង់ ធ្វើការនិងស្នាក់នៅក្នុងការដ្ឋានសំណង់១កន្លែង ស្ថិតក្នុងភូមិឃុំកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។
ក្រោយចុះពិនិត្យ និងធ្វើកោសល្យវិច័យសពរួច សមត្ថកិច្ចជំនាញបានបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយសារខ្យល់គរ ពុំមានជាប់ពាក់ព័ន្ធទៅនឹងបទល្មើសអ្វីផ្សេងឡើយ។
សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដឹកទៅកាន់ស្រុកកំណើតឯខេត្តសៀមរាប ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕