ខេត្តបន្ទាយមានជ័យ ៖ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីរំលោភសេពសន្ថវៈមួយ បានកីតឡើង នៅពេលដែលនារីវ័យក្មេងម្នាក់ បានពឹងឱ្យបងថ្លៃប្រុសរបស់ខ្លួនជូនទៅផ្ទះ លុះជិះម៉ូតូដល់ពាក់កណ្តាលផ្លូវស្ងាត់ ក៏សុំខាងស្រីរួមរ័ក លុះខាងស្រីមិនព្រម ក៏ដាល់២ដៃ បណ្តាលឱ្យចុកឆ្អល់សន្លប់ឈឹង រួចក៏ចាប់រំលោភរហូតដល់បានសម្រេច គេចខ្លួនបាត់ ហេតុការណ៍នេះកើតឡើង នៅចំណុចដីក្រុមហ៊ុនជាតិអភិវឌ្ឍន៍ ចម្ងាយពីផ្លូវជាតិលេខ៥៨ ប្រហែល៥០០ម៉ែត្រ ស្ថិតក្នុងភូមិថ្មរមៀលកើត ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក។ លុះមកដល់រសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ទើបសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនជនសង្ស័យបាន នៅចំណុចវត្តតេជោភ្នំឆ័ត្រ ស្ថិតក្នុងស្រុកស្វាយចេក។
បងថ្លៃល្មោភកាមមានឈ្មោះកែវ វណ្ណឌី អាយុ២៦ឆ្នាំ មុខរបរកម្មករ មានលំនៅភូមិថ្មរមៀលកើត ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក។ ចំណែកនារីរងគ្រោះ មានអាយុ១៧ឆ្នាំ ត្រូវជាប្អូនថ្លៃជនសង្ស័យ និងស្នាក់នៅក្នុងភូមិ-ឃុំកើតហេតុខាងលើជាមួយគ្នា។
ក្រោយឃាត់ខ្លួន សមត្ថកិច្ចបាននាំជនសង្ស័យខាងលើ មកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះកែវ វណ្ឌឌី បានឆ្លើយសារភាពថា រូបគេពិតជាបានចាប់រំលោភប្អូនថ្លៃស្រី រហូតដល់បានសម្រេចប្រាកដមែន និងបានព្យាយាមរត់គេចខ្លួនអស់រយៈពេល៣ថ្ងៃ ក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនជាប់តែម្តង។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕