គិតរហូតមកដល់ថ្ងៃសុក្រ ទី16 ខែវិច្ឆិកា ឆ្នាំ2018នេះ តុល្យការចុងក្រោយនៃចំនួនអ្នកស្លាប់នៅក្នុងហេតុការណ៍ភ្លើងឆេះព្រៃ 3កន្លែង នៅរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក បានឆក់យកជីវិតមនុស្ស ចំនួន63នាក់ ខណៈដែលច្រើនជាង600នាក់ កំពុងបាត់ខ្លួននៅឡើយ។
ចំនួនអ្នកបាត់ខ្លួនបានកើនឡើងមួយទ្វេជាពីរ គិតមកត្រឹមថ្ងៃសុក្រនេះ។
ភ្លើងឆេះព្រៃដែលគេឱ្យឈ្មោះថា Camp Fire បានបំផ្លាញអគារជិត12000ខ្នង។
ទាក់ទងទៅនឹងបញ្ហានេះដែរ ប្រធានាធិបតីដូណាល់ ត្រាំ នឹងធ្វើដំណើរទៅកាន់រដ្ឋកាលីហ្វ័រនីញ៉ា នៅថ្ងៃស្អែកនេះ ដើម្បីទៅមើលហេតុការណ៍នោះផ្ទាល់ និងទៅសួរសុខទុក្ខជនរងគ្រោះ ដែលបណ្តាលមកពីអគ្គិភ័យភ្លើងឆេះព្រៃ។
រហូតមកដល់ពេលនេះ ក្រុមសង្គ្រោះបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ជិត1ម៉ឺនគ្រឿង រួមទាំង ឧទ្ធម្ភាគចក្របាញ់ពន្លត់ពីលើអាកាសផង៕