ថ្លែងនៅក្នុងជំនួបវេទិកាសេដ្ឋកិច្ចនៅប្រទេសសិង្ហបុរី ប្រធានាធិបតីជប៉ុន លោកស៊ីនហ្ស៊ូ អាបេ ដែលមានបំណងចង់ដោះស្រាយជម្លោះដ៏រ៉ាំរ៉ៃ ជាមួយសមភាគី ចាប់តាំងពីសង្គ្រាមលោកលើកទី២នោះ បានប្រាប់ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន ថា សហរដ្ឋអាមេរិក នឹងមិនដាក់កងទ័ពឈរជើងនៅក្នុងដែនកោះ ដែលកំពុងមានជម្លោះ ប្រសិនបើប្រទេសចិន ព្រមប្រគល់កោះនោះឱ្យមកជប៉ុន វិញ។ នេះបើយោងតាមប្រភពព័ត៌មាន Reuters ចេញផ្សាយកាលពីថ្ងៃសុក្រ ទី16 ខែវិច្ឆិកា ឆ្នាំ 2018។
ការស្វែងរកជាប់ចំណងការទូត និងធ្វើឱ្យប្រសើរឡើងជាមួយប្រទេសរុស្ស៊ី លោកអាបេ បានសន្យាថា នឹងដោះស្រាយជម្លោះទៅលើកោះចំនួន4 នៅអាស៊ីប៉ាស៊ីហ្វិកខាងលិច ដែលត្រូវបានគ្រប់គ្រងដោយកងទ័ព អតីតសូវៀត ក្រោយពីបញ្ចប់សង្គ្រាមលោកលើកទីពីរ។ កោះទាំង4នោះ ត្រូវបានគេទទួលស្គាល់ថា ជាទឹកដីភាគខាងជើងរបស់ជប៉ុន និងភាគខាងត្បូងរបស់ប្រទេសរុស្ស៊ី។
ជប៉ុន បានទទូចសុំគ្រប់គ្រងបូរណភាពទឹកដី ទៅលើកោះទាំង4 អស់រយៈពេលជាយូរមកហើយ មុនពេលដែលសន្ធិសញ្ញាសន្តិភាព ត្រូវបានគេចុះហត្ថលេខា។
ទាក់ទងទៅនឹងបញ្ហានេះ លោក Yoshihide Suga រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានបដិសេធមិនធ្វើអត្ថាធិប្បាយទៅលើរបាយការណ៍នេះ។
កាលពីថ្ងៃពុធ មេដឹកនាំទាំងពីរ ដែលបានជួបប្រជុំគ្នានៅក្នុងប្រទេសសិង្ហបុរី បានប្តេជ្ញាបង្កើនល្បឿនកិច្ចពិភាក្សា ដោយផ្អែកទៅលើសេចក្តីប្រកាសរួម កាលពីឆ្នាំ1956 ដែលពេលនោះ សហភាពសូវៀត បានយល់ព្រមប្រគល់កោះពីរតូចៗ មកឱ្យជប៉ុនវិញ។
លោកអាបេ ដែលត្រូវបានគេរំពឹងថា នឹងជួបជាមួយលោកពូទីន ម្តងទៀត នៅក្នុងកិច្ចប្រជុំ G-20 ដែលនឹងធ្វើឡើងនៅថ្ងៃទី30 ខែវិច្ឆិកា នឹងជួបជាមួយមេដឹកនាំរុស្ស៊ី នៅដើមឆ្នាំក្រោយ បានប្តេជ្ញាចិត្តដោះស្រាយជម្លោះកោះទាំង4នោះ មុនពេលដែលលោកចាកចេញតំណែងនាយករដ្ឋមន្ត្រី នៅឆ្នាំ2021៕