បន្ទាយមានជ័យ ៖ ករណីឃាតកម្មមួយបានកើតឡើង ដោយស្ត្រីម្នាក់ត្រូវបានឃាតករសម្លាប់ចងដៃទាំង២មកក្រោយ នៅលើដីស្រែមួយកន្លែង នៅក្នុងភូមិប្ញស្សីខាង ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ កាលពីថ្ងៃទី16 ខែវិច្ឆិកាឆ្នាំ2018 នៅចន្លោះម៉ោង09ព្រឹក ដល់ម៉ោង7កន្លះយប់។
ជនរងគ្រោះមានឈ្មោះ ឃូន ឃីន ភេទស្រី អាយុ49ឆ្នាំ ជាស្ត្រីមេម៉ាយ រស់នៅភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីក្រុមគ្រូសារជនរងគ្រោះ បានឲ្យដឹងថា នៅវេលាម៉ោងប្រហែល09ព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា បន្ទាប់ពីហូបបាយរួច ជនរងគ្រោះបានជិះកង់ចេញពីផ្ទះទៅរកត្រីនៅវាល ដោយបាចទឹកតាមប្រឡាយ ដើម្បីចាប់ត្រី។ ស្រាប់តែដល់ពេលល្ងាច កូនៗមិនឃើញជនរងគ្រោះត្រឡប់មកផ្ទះវិញ ក៏នាំគ្នាចេញទៅមើលនៅវាលស្រែ បានប្រទះឃើញជនរងគ្រោះដេកស្លាប់យ៉ាងអាណោចអាធ័ម រួចរាយការណ៍ទៅសមត្ថកិច្ចចុះអន្តរាគមន៍ភ្លាមៗ។
តាមសមត្ថកិច្ចជំនាញ បានឲ្យដឹងថា ជនរងគ្រោះត្រូវបានឃាតករវាយសម្លាប់ក្នុងប្រឡាយដែលមានទឹកតិចៗ រួចអូសទៅចោលក្នុងវាលស្រែ ម្តុំត្រពាំងក្បាលក្របី ខាងលិចខាងត្បូងភូមិ ប្រហែលជា២គីឡូម៉ែត្រ នៅខាងត្បូងផ្លូវជាតិលេខ06 ប្រហែល១គីឡូម៉ែត្រ។ នៅលើសាកសពជនរងគ្រោះ ត្រូវឃាតករយកខ្សែស្បែកជើងពណ៌ស ចងដៃទាំង២មកក្រោយ យកខ្សែនីឡុងពណ៌លឿង ចងរឹតត្រង់ក នៅលើរង្វង់ភ្នែកទាំងសងខាង មានស្នាមជាំ។
ក្រោយពីធ្វើកោសល្យវិច័យសាកសពរួចរាល់ សមត្ថកិច្ចជំនាញបានប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកឃាតករ ត្រូវបានសមត្ថកិច្ចបន្តស្រាវជ្រាវចាប់ខ្លួនយ៉ាងសស្រាក់សស្រាំ ៕