ខេត្តកំពង់ធំ ៖ ហេតុការណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយសារក្មេងប្រុសម្នាក់ឆ្លៀតពេលដែលម្តាយកំពុងរវល់ភ្លេចខ្លួន ក៏បានដើរទៅអង្គុយលេងនៅក្រោមរានទេវតាចំហៀងផ្ទះ ស្រាប់តែអកុសល រានទេវតាបានបាក់ធ្លាក់សង្កត់ចំក្បាល បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ និងដាច់ខ្យល់ស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ កើតឡើងនៅចំណុចផ្នែកខាងមុខ ចំហៀងខាងត្បូងផ្ទះរបស់ក្មេងប្រុសរងគ្រោះ ស្ថិតក្នុងភូមិបន្ទាយយមរាជ ឃុំប្រាសាទ ស្រុកសន្ទុក។
ក្មេងប្រុសរងគ្រោះ ដែលត្រូវរានទេវតារលំសង្កត់ស្លាប់ មានឈ្មោះម៉ៅ គីម អាយុ៦ឆ្នាំ ជាសិស្សរៀនថ្នាក់ទី១ មានឪពុកឈ្មោះម៉ៅ ធារី អាយុ៣៦ឆ្នាំ មុខរបរលក់គ្រឿងសំណង់ ម្តាយឈ្មោះគង់ ធារិន អាយុ៣២ឆ្នាំ មុខរបរលក់គ្រឿងសំណង់ សព្វថ្ងៃស្នាក់នៅភូមិឃុំកើតហេតុខាងលើ។
ក្រោយទទួលបានសេចក្តីរាយការណ៍ពីក្រុមគ្រួសារសព សមត្ថកិច្ចជំនាញ បានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ក្មេងប្រុសរងគ្រោះពិតជាត្រូវរានទេវតាបាក់សង្កត់ស្លាប់ប្រាកដមែន។
សាកសពក្មេងប្រុសរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕