ភ្នំពេញ ៖ បុរសជាអ្នករត់ម៉ូតូកង់បីម្នាក់ ទំនងជារកស៊ីមិនសូវកាក់កប ដាច់លុយ ក៏បែកគំនិតលួចទូរស័ព្ទរបស់នារីម្នាក់ រួចព្យាយាមជិះរត់គេចខ្លួន តែត្រូវក្រុមជនរងគ្រោះជិះម៉ូតូប្រដេញតាមស្រែកចោរៗ ធ្វើឱ្យផ្អើលឆោឡោពេញផ្លូវ និងត្រូវសមត្ថកិច្ចជួយប្រដេញស្ទាក់ ដោយបានផ្ទុះអាវុធចំនួន២គ្រាប់ ទើបបញ្ឈប់ជនសង្ស័យបាន និងចាប់វាយខ្នោះនាំយកទៅចាត់ការតាមច្បាប់។
ហេតុការណ៍អ្នករត់ម៉ូតូកង់បីលួចទូរស័ព្ទស្រីនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចហាងខារ៉ាអូខេ យីហោ “ហ្គោលដិនសោន” តាមផ្លូវ២០០៤ ស្ថិតក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ លុះលួចទូរស័ព្ទបានហើយ ជនសង្ស័យក៏ព្យាយាមជិះគេចខ្លួន តែត្រូវជនរងគ្រោះប្រដេញតាម រហូតមកដល់ម្តុំជិតវត្តព្រែកឯង តាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ទើបសមត្ថកិច្ចស្ទាក់ចាប់ខ្លួនបាន។
ជនសង្ស័យខាងលើ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ គ្រាន់តែដឹងថា មានវ័យប្រមាណជាង២០ឆ្នាំប៉ុណ្ណោះ និងបើកម៉ូតូកង់បី ពណ៌ស គ្មានពាក់ស្លាកលេខ។
បន្ទាប់ពីជនសង្ស័យព្រមឈប់ម៉ូតូកង់បី គេឃើញក្រុមប្រជាពលរដ្ឋដែលប្រដេញតាមផ្ទុះកំហឹង ក៏ព្រួតគ្នាស្វាគមន៍ម្នាក់១ដៃ១ជើង បណ្តាលឱ្យជនសង្ស័យខាងលើ រងរបួសទ្រមខ្លួន ទើបសមត្ថកិច្ចចាប់វាយខ្នោះនាំយកទៅសាកសួរ និងរៀបចំកសាងសំណុំរឿងបញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕