Friday, July 4, 2025
Homeព័ត៌មានជាតិឃើញរៃអង្គាសបុណ្យញឹកញាប់ពេក ប្រជាពលរដ្ឋឃើញទើបចេញពីផ្ទះសំណាក់

ឃើញរៃអង្គាសបុណ្យញឹកញាប់ពេក ប្រជាពលរដ្ឋឃើញទើបចេញពីផ្ទះសំណាក់

ភ្នំពេញ៖ ជាងដែក២នាក់ទំនងជាប្រាក់ខែចាយមិនគ្រប់ បានបែកគំនិតទិញស្បង់ចីវរ មកពាក់ រួចដើររៃអង្គាសលុយយកមកសុីចាយ ដេកផ្ទះសំណាក់ រហូតដល់ប្រជាពលរដ្ឋតាមទាន់ ក៏ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួន កាលពី​វេលា​ម៉ោង៨និង៣០នាទី​ព្រឹក ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅ​ក្នុងភូមិ​ថ្មគោល១ សង្កាត់​ចោមចៅ២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

សង្ឃក្លែងក្លាយ២នាក់នេះ ១. ឈ្មោះ ធី សុី អាយុ១៨ឆ្នាំ មុខរបរជាងដែក នៅ​សង្កាត់​ច្បារអំពៅ ខណ្ឌ​ច្បារអំពៅ មាន​ស្រុកកំណើតភូមិដំបូក​ខ្ពស់ ឃុំ​ដំបូក​ខ្ពស់ ស្រុក​អង្គ​ជ័យ ខេត្តកំពត (ឃាត់ខ្លួន) ២. ឈ្មោះ ភក្តី ភេទ​ប្រុស អាយុ២១ឆ្នាំ មុខរបរ ជាងដែក ស្រុកកំណើតនៅខេត្តព្រៃវែង (គេខ្លួនបាត់)។ អ្នកទាំង២ ជាមិត្តភក្តិរួមការងារជាមួយគ្នា។

តាមប្រភពបានឲ្យដឹងថា រៀងរាល់ព្រឹក គេតែងតែឃើញលោកសង្ឃក្លែងក្លាយ២នាក់នេះ ដើរបិណ្ឌបាត្ររៃអង្គាសលុយតាមផ្លូវជាប្រចាំ។ ដោយមានចម្ងល់ដោយសារតែលោកសង្ឃក្លែងក្លាយទាំង២នាក់ ម្តងរៃអង្គាសទិញនេះ ម្តងរៃអង្គាសទិញនោះ ប្រជាពលរដ្ឋកើតចម្ងល់ ក៏នាំគ្នាតាមដាន ក៏ប្រទះឃើញជនទាំង២ ដេកផ្ទះសំណាក់ ចាប់ខ្លួនបានម្នាក់ ប្រគល់ឲ្យសមត្ថកិច្ច ចំណែកម្នាក់ទៀតរត់គេចខ្លួនបាត់។

ក្រោយចាប់ខ្លួន ជន​កំហូចរូបនេះ បាន​ឲ្យ​ដឹងថា “ពួកគាត់ពិតជាមានមុខ​របរជាជាង​ដែក ដោយ១ខែ ទទួលបាន១៨០ដុល្លារ តែប្រាក់ខែស៊ីចាយមិន​គ្រប់គ្រាន់ ក៏​បែកគំនិត​នាំគ្នា​ទៅរក​ទិញ​ស្បង​ចីវមក​ស្លៀក ហើយ​ដើរ​រៃអង្គា​សលុយតាម​ទីសាធារណ: អស់​រយ:ពេលជាង១០ថ្ងៃ​មកហើយ ទើបតែ​រយ:ពេល៥ថ្ងៃនេះ មក​សម្ងំ​ស្នាក់នៅ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ថ្ងៃ​ឡើង​ស្លៀក​ស្បងដើរ​រៃ​អង្គា​សលុយក្នុងភូមិថ្មគោល បាន​លុយ​ក្នុង​១ថ្ងៃ ជាង១០ម៉ឺន​រៀល ស៊ីចាយ​ពេលយប់ ដេក​ផ្ទះសំណាក់ លុះដល់ព្រឹក​ថ្ងៃទី១៧ ខែវិច្ឆិកា នេះ​ គេបាន​ចេញពី​ផ្ទះសំណាក់ ដើររៃអង្គាសលុយទើបតែ​បាន​ជាង២ម៉ឺន​រៀល ត្រូវ​ពលរដ្ឋ​តាម​ទាន់ដឹង បែកធ្លាយ​រឿង ឃាត់ខ្លួន​នាំទៅ​សាលាសង្កាត់​ចោមចៅ២ តែម្តង៕

បច្ចុប្បន្ន ជនសង្ស័យរូបនេះ សមត្ថកិច្ចកំពុងសួរនាំ និងរៀបចំឯកសារបញ្ជូនខ្លួនទៅកាន់អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បន្តនីតិវិធី៕

RELATED ARTICLES