ភ្នំពេញ៖ មកដល់រសៀលថ្ងៃនេះ សមត្ថកិច្ចបានស្គាល់អត្តសញ្ញាមន្ត្រីប៉ូលិសខឹងម្តាយតាមរករឿងដល់បន្ទប់ខារ៉ាអូ កើតក្តីខឹងសម្បា ចេញក្រៅបាញ១១គ្រាប់នោះ ជនបង្ក ឈ្មោះ ឌិន វណ្ណណូរ៉ា ភេទប្រុស ៣៨ឆ្នាំ ជាមន្ត្រីនគរបាល ឋានន្តរសក្ដិវរសេនីយ៍ឯក (សក្តិ៥) មានតួនាទីជានាយការិយាល័យភស្តុភា នៃអគ្គនាយយកដ្ឋានអត្តសញ្ញាណកម្ម។
គួរបញ្ជាក់ កាលពីវេលាម៉ោងជាង១១យប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងហាងខារ៉ាអូខេ យីហោ “ពិភពរាត្រី” គេជនបង្កបានបើករថយន្តម៉ាក Highlander ពណ៌គយ ពាក់ស្លាកលេខភ្នំពេញ 2D-3913 ចូលច្រៀងក្នុងខារ៉ាអូខេ “ពិភពរាត្រី”។ ពេលច្រៀងសប្បាយសុខៗ ស្រាប់តែមានស្ត្រីម្នាក់ ដែលគេស្គាល់ថាជាម្តាយជនបង្ក បានចូលទៅស្តីបន្ទោស ធ្វើឲ្យជនបង្កមានចិត្តខឹងសម្បាជាខ្លាមង ក៏ដើរចេញមកករៅទាញកាំភ្លើង បាញ់រថយន្តខ្លួនឯងចំនួន១១គ្រាប់ ប្តាលឲ្យធ្លុះកញ្ចក់ផ្នែកខាងមុខ។
ក្រោយពីបានបញ្ចេញកំហឹងបាញ់ផ្អើលគេឯងហើយ ទាំងម្តាយនិងជនបង្កជាកូន បានគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល បន្សល់តែរថយន្តនៅកន្លែងកើតហេតុ។
បន្ទាប់ពីកើតហេតុ សន្តិសុខនៅហាងខារ៉ាអូខេ “ពិភពរាត្រី” បានរុញឡានចេញពីកន្លែងកើតហេតុ ចម្ងាយប្រហែល១០០ម៉ែត្រ។
ក្រោយទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចបានទៅដល់ចំណុចកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវរកអត្តសញ្ញាណម្ចាស់រថយន្តបង្ក៕