Friday, July 4, 2025
Homeព័ត៌មានជាតិបងប្រុសយំស្រណោះជីវិតប្អូន មិត្តបង្ខំឱ្យផឹកស្រា ជួបគ្រោះថ្នាក់ស្លាប់តាមផ្លូវ

បងប្រុសយំស្រណោះជីវិតប្អូន មិត្តបង្ខំឱ្យផឹកស្រា ជួបគ្រោះថ្នាក់ស្លាប់តាមផ្លូវ

ភ្នំពេញ ៖ បុរសម្នាក់បានទម្លាយរឿងរ៉ាវដ៏ឈឺចាប់របស់ខ្លួន ដែលបានបាត់បង់ប្អូនប្រុសបង្កើតត្រឹមតែមួយប៉ព្រិចភ្នែក ដោយសារតែការទទួលទានគ្រឿងស្រវឹងច្រើនលើសកំណត់ ព្រោះតែមិត្តភក្តិបង្ខំឱ្យផឹក រហូតដល់ស្រវឹងជោកជាំ គ្រប់គ្រងស្មារតីខ្លួនឯងលែងបាន ធ្វើដំណើរត្រឡប់មកផ្ទះវិញក៏ជួបគ្រោះថ្នាក់ចរាចរណ៍តាមផ្លូវ បាត់បង់ជីវិតគួរឱ្យសោកស្តាយបំផុត។

បុរសដែលត្រូវមិត្តភក្តិបង្ខំឱ្យផឹកស្រារហូតដល់ស្រវឹង ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់តាមផ្លូវយ៉ាងអាណោចអាធ័មនេះ មានឈ្មោះឃុន លីហ័រ អាយុ៣២ឆ្នាំ មានលំនៅក្នុងភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ៤ ខណ្ឌមានជ័យ។

យោងតាមគណនីហ្វេសប៊ុកឈ្មោះ Khun Lyheng ដែលត្រូវជាបងប្រុសបង្កើតរបស់ជនរងគ្រោះ ឃុន លីហ័រ បានបង្ហោះសារទុក្ខសោកមួយថា “ក្រុមគ្រួសារយើងខ្ញុំមានទុក្ខជាទំងន់ ដោយបានបាត់បង់សមាជិកគ្រួសារ ប្អូនប្រុសពៅ ដោយសារហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍…”។

ជាមួយនេះ បងប្រុសរបស់ជនរងគ្រោះ ឃុន លីហ័រ ក៏បានបង្ហោះសារក្រើនរំលឹកទៅកាន់មិត្តភក្តិរបស់ប្អូនប្រុសមួយផងដែរ  តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ប្អូនប្រុស ដែលមានឈ្មោះ Ly Hor ដែលមានខ្លឹមសារទាំងស្រុងថា “ខ្ញុំ លីហ័រ បានលាចាកលោកយើងទៅបានសេចក្តីសុខហើយ ដោយមិនមានការឈឺអ្វីទាំងអស់ ហើយក៏មិនបានបន្សល់ទុក្ខប្រពន្ធឬកូន អ្វីដែរ ដែលត្រូវគិតនោះទេ។ ខ្ញុំសូមផ្តាំផ្ញើទៅមិត្តភក្តិទាំងអស់របស់ខ្ញុំឱ្យបានដឹងថា នេះហើយជាមេរៀននិងជាបទពិសោធន៍ សំរាប់ការត្រឹះរិះពិចារណាសំរាប់ជីវិតម្នាក់ៗ ខ្ញុំលីហ័រ សប្បាយចិត្តណាស់ សូមថ្លែងអំណគុណចំពោះមិត្តភក្តិទាំងអស់ដ៏ជាទីស្រលាញ់របស់ខ្ញុំ ដែលបានជូនដំណើរជាចុងក្រោយរបស់ខ្ញុំ។ ប៉ុន្តែត្រូវបណ្តុះគំនិតរៀងៗខ្លួនថា គ្រោះថ្នាក់ចរាចរណ៍មានគ្រប់ពេលវេលា គ្រប់ទីកន្លែង បើយើងមិនប្រយ័ត្ននោះទេ នៅពេលស្រវឹង។ ក្នុងការជួបជុំមិត្តភក្តិជិតស្និតក្នុងពិធីជប់លៀង ឬបុណ្យទានផ្សេងៗ ខ្ញុំ លីហ័រ សូមផ្តាំមិត្តភក្តិជាទីស្រលាញ់ថា ពេលក្រោយៗ បើមិត្តភក្តិបបួលចូលក្នុងពិធីជប់លៀង ឬបុណ្យទានធម្មតា តែងតែមានទទួលគ្រឿងស្រវឹង (ស្រា) មិត្តត្រូវចងចាំថា បើស្រលាញ់មិត្តភក្តិមិនត្រូវបង្ខំគ្នាឱ្យផឹកច្រើនលើសចំនួន ច្រើនលើសពីធម្មតាទេ បើជល់លើកកែវ មិនហ៊ានឆ្លើយថាទេនោះទេ ព្រោះខ្លាចបាត់បង់កិត្តិយសមិត្តភក្តិជុំវិញខ្លួនជាមួយគ្នា។ ពេលហូបស្រាច្រើន ទើបដឹងថា មានការគ្រប់គ្រង់លើខ្លួនឯងបានតិចណាស់ បាត់បង់ស្មារតីអស់។ មិត្តបានដឹងហើយថា មិត្តមានគ្រួសារ មានប្រពន្ធ មានកូនជាទីស្រលាញ់របស់មិត្ត ត្រូវការមិត្តថែរក្សាពួកគេ មិនត្រូវឃ្លាតឆ្ងាយនោះទេ។ នេះជាបណ្តាំចុងក្រោយរបស់ខ្ញុំ។ ពីខ្ញុំ លីហ័រ លាមិត្តទាំងអាល័យ។ សូមមិត្តប្រយត្ន័ប្រយែងផង
(ពីបងបង្កើត Khun Lyheng)…”។

គួរបញ្ជាក់ថា បុរសរងគ្រោះខាងលើ បានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅចំណុចភូមិសាស្ត្រស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ខណៈដែលជនរងគ្រោះទើបនឹងត្រឡប់មកពីចូលរួមកម្មវិធីរបស់មិត្តភក្តិនៅឯខេត្តតាកែវ ហើយនៅក្នុងកម្មវិធីជួបជុំមិត្តភក្តិនោះ ជនរងគ្រោះត្រូវបានមិត្តភក្តិបង្ខំឱ្យផឹកស្រាច្រើនហួសកម្រិត រហូតដល់គ្រប់គ្រងស្មារតីខ្លួនឯងលែងបាន ក៏ជួបគ្រោះថ្នាក់ចរាចរណ៍នៅតាមផ្លូវត្រឡប់មកផ្ទះ បណ្តាលឱ្យរងរបួសធ្ងន់ និងត្រូវក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យឯរាជធានីភ្នំពេញ និងបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យឯប្រទេសវៀតណាម ទៀតដែរ តែអកុសល ដោយសារតែស្ថានភាពរបួសរបស់ជនរងគ្រោះធ្ងន់ធ្ងរពេក ទើបនៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ ជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម៕

RELATED ARTICLES