យោងតាមប្រភពព័ត៌មានពី BBC ចេញផ្សាយកាលពីថ្ងៃសៅរ៍ ទី17 ខែវិច្ឆិកា ឆ្នាំ2018 បានឱ្យដឹងថា លោកស៊ីនហ្សូ អាបេ បានក្លាយជានាយករដ្ឋមន្ត្រីជប៉ុន លើកទីមួយ ដែលក្លាហានហ៊ានទៅបំពេញទស្សនកិច្ចនៅតំបន់ Darwin ប្រទេសអូស្ត្រាលី ចាប់តាំងពីទីក្រុងនេះ ត្រូវបានទម្លាក់គ្រាប់បែកដោយប្រទេសជប៉ុន ក្នុងអំឡុងសង្គ្រាមលោកលើកទី2។
ជប៉ុន បានបើកប្រតិបត្តិការទម្លាក់គ្រាប់បែកទៅលើតំបន់ Darwin កាលពីខែកុម្ភៈ ឆ្នាំ1942 ដែលបានសម្លាប់មនុស្ស 250នាក់ និងរាប់រយនាក់ផ្សេងទៀតរងរបួស ព្រមទាំងបំផ្លាញនាវាអស់ជាច្រើនគ្រឿង និយាយរួម គឺទីក្រុង Darwin ត្រូវបានបំផ្លាញទាំងស្រុង។
កាលពីព្រឹកថ្ងៃសៅរ៍ លោកអាបេ បានអមដំណើរដោយនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បានយកកម្រងផ្កាទៅបំពាក់នៅវិមានរំលឹកសង្គ្រាម នៅក្នុងតំបន់ Darwin។
កាយវិការនេះ បញ្ជាក់ថា លោកអាបេ កំពុងតែធ្វើឱ្យចំណងមិត្តភាពរវាងអូស្ត្រាលី និងជប៉ុន បានល្អប្រសើរឡើងវិញ។ ជាមួយគ្នានោះ ដែរ មេដឹកនាំទាំងពីរ ក៏បានគោរពទៅដល់ទាហានជើងទឹកជប៉ុន ដែលបានស្លាប់នៅពេលដែលនាវាមុជទឹកបានលិចនៅក្នុងទីក្រុង Darwin នៅខែមករា ក្នុងឆ្នាំ1942។
នៅចំពោះមុខអ្នកសារព័ត៌មាន នាយករដ្ឋមន្ត្រីអូស្ត្រាលី បានថ្លែងថា ដំណើងទស្សនកិច្ចរបស់លោកអាបេ មិនត្រឹមតែពង្រឹងនៅមិត្តភាពប៉ុណ្ណោះទេ វាថែមទាំងពង្រឹងផ្នែកសេដ្ឋកិច្ច សន្តិសុខ សហគមន៍៍ និងចំណងទាក់ទងជាប្រវត្តិសាស្ត្រតែម្តង៕