Friday, July 4, 2025
Homeព័ត៌មានជាតិព្រួតគ្នាវ៉ៃផ្អើល ដោយសារបុរសចិនម្នាក់ ព្រហើនខ្លាំងពេក

ព្រួតគ្នាវ៉ៃផ្អើល ដោយសារបុរសចិនម្នាក់ ព្រហើនខ្លាំងពេក

ខេត្តព្រះសីហនុ ៖ ហេតុការណ៍បើករថយន្តបុករះខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤ និង៣៥នាទីរសៀល ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨  ដោយបុរសជាជនជាតិចិនម្នាក់ បានបើករថយន្តបង្កម៉ាក HYUNDAI STAREX ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខព្រះសីហនុ 2B-8018 បើកបរដោយឈ្មោះ ZHEAR MING LUY ភេទប្រុស អាយុ១៦ឆ្នាំ ជាជនជាតិចិន មុខរបរបុគ្គលិកកាស៊ីណូ ស៊ិនយ៉ុងលី ស្នាក់នៅក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ បានបើកបរតាមបណ្តោយផ្លូវបេតុង ត្រង់ចំណុចបុរី ប៊ីអេស អូរមួយ ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ក្នុងទិសដៅពីជើងទៅត្បូង (បើកចេញពីក្នុងបូរីប៊ីអេសឆ្ពោះទៅផ្លូវមិត្តភាព)។ លុះមកដល់ចំណុចកើតហេតុ បានបង្កគ្រោះថ្នាក់ចរាចរណ៍លើកទី១ ដោយបុករថយន្ត១គ្រឿង ម៉ាក Lexus RX330 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AQ-8189 បើកបរដោយឈ្មោះហេង ឡេង ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ (មានទិសដៅផ្ទុយគ្នា) បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំំ។

ក្រោយពីបុកប៉ះរថយន្ត Lexus RX330 រួចហើយ រថយន្តបង្កមិនបានឈប់ដោះស្រាយគ្នាតាមសម្រួលនោះទេ បែរជាបើករត់គេចចេញពីកន្លែងកើតហេតុទៅវិញ ទើបបង្កឱ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ជាលើកទី២ ដោយជ្រុលចង្កូតទៅបុកម៉ូតូ ចំនួន២គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ១គ្រឿង និងម៉ាកស៊ុយស៊ូគីស្មាស់ ១គ្រឿង ដែលឈប់ចតមុខផ្ទះ ម្ចាស់ឈ្មោះឡឹង ស្កូដាលីន ភេទស្រី អាយុ៣៣ឆ្នាំ ជាបុគ្គលិករដ្ឋាករទឹក ស្នាក់នៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ បណ្តាលឱ្យរងការខូចខាតមួយជាន់ទៀត។ បន្ទាប់ពីបុករះជាលើកទី២ហើយ ជនបង្កនៅតែមិនព្រមឈប់រថយន្តដោះស្រាយដដែល ពោលគឺ នៅតែបន្តបើកគេចទៅមុខទៀត បណ្តាលឱ្យជ្រុលទៅបុករះជាលើកទី៣ ដោយបានបុកម៉ូតូ១គ្រឿងទៀតម៉ាក ហុងដាឌ្រីម សេ១០០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1B-1339 បើកបរដោយឈ្មោះសៅ សុផារ៉ូ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករដឹកបាយហាងចិន ស្នាក់នៅភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ មានទិសដៅស្របគ្នា។

បន្ទាប់មករថយន្តបង្កនៅតែព្យាយាមបើកគេចបន្តទៀត ធ្វើឱ្យបុករះជាលើកទី៤ ដោយបានជ្រុលទៅបុក រថយន្ត១គ្រឿងទៀត ម៉ាក SIENNA ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AB-7572 ឈប់ចតលើផ្លូវ អ្នកបើកបរឈ្មោះរស់ ឧត្តម ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនទូរស័ព្ទវីវូ ស្នាក់នៅភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ មានទិសដៅស្របគ្នា។ រួចហើយរថយន្តបង្កក៏បានថយបុកកិនម៉ូតូ១គ្រឿងទៀត ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1H-6751 អ្នកបើកបរឈ្មោះម៉េត សុខន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាងដែក រួមដំណើរ១នាក់ ឈ្មោះម៉េត មើត ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាងដែក អ្នកទាំងពីរស្នាក់នៅភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ មានទិសដៅពីស្របគ្នា។

នៅក្នុងហេតុការណ៍បើកបុករះ រួចព្យាយាមបើករត់ មិនព្រមឈប់ដោះស្រាយខាងលើនេះ បនាធ្វើឱ្យកើតមានការផ្អើលឆោឡោ ទាំងសមត្ថកិច្ចទាំងប្រជាពលរដ្ឋ នាំគ្នាប្រដេញតាមប្រសាចផ្អើលពេញក្រុងព្រះសីហនុ ទីបំផុត ក៏ស្ទាក់ឃាត់រថយន្តបង្កបាន និងធ្វើឱ្យប្រជាពលរដ្ឋផ្ទុះកំហឹង ក៏អូសកអ្នកបើកបររថយន្តបង្កឈ្មោះ ZHEAR MING LUY ចេញមកក្រៅរថយន្ត រួចព្រួតគ្នាវាយដំ បណ្តាលឱ្យរងបួសយ៉ាងដំណំ។

សមត្ថកិច្ចចរាចរណ៍ក្រុងព្រះសីហនុ បានបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បុករះខាងលើនេះ បានបណ្តាលឱ្យមនុស្សចំនួន៣នាក់ បានទទួលរងរបួស ដែលក្នុងនោះរួមមាន ទី១-ឈ្មោះម៉េត សុខន អ្នកបើកបរម៉ូតូ ហុងដាឌ្រីម សេ១២៥ រងរបួសស្រាល ទី២-ឈ្មោះម៉េត មើត អ្នករួមដំណើរលើម៉ូតូហុងដាឌ្រីម សេ១២៥ រងរបួសស្រាល និងទី៣-ឈ្មោះ ZHEAR MING LUY អ្នកបើកបររថយន្តបង្ក រងរបួសយ៉ាងដំណំ ដោយសារត្រូវប្រជាពលរដ្ឋព្រួតវ៉ៃបញ្ចោញកំហឹង និងត្រូវបានបញ្ចូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

សមត្ថកិច្ចបានបញ្ជាក់ថា  រថយន្ត១គ្រឿងម៉ាក SIENNA ដែលទទួលរងការខូចខាតស្រាល ត្រូវបានម្ចាស់សុំយកទៅជួសជុលវិញដោយខ្លួនឯង ពោលគឺមិនបានធ្វើការប្តឹងផ្តល់អ្វីទេ។ ដោយឡែក រថយន្តចំនួន៣គ្រឿង និងម៉ូតូចំនួន៤គ្រឿងផ្សេងទៀត ត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធី៕ឮ

RELATED ARTICLES