Friday, July 4, 2025
Homeព័ត៌មានជាតិយី! ខឹងគេធ្វើមុខឌឺ សំពង១ប៉ែល

យី! ខឹងគេធ្វើមុខឌឺ សំពង១ប៉ែល

ខេត្តកំពង់ស្ពឺ ៖ ករណីអំពើហិង្សាក្នុងវង់ធុងបាសមួយ បានកើតឡើង ដោយសារយុវជន២នាក់ បានទៅលេងបុណ្យកឋិននៅឃុំផ្សេង លុះឃើញគេចាក់ធុងបាស់រាំលេង ក៏ចូលទៅរាំកម្សាន្តនឹងគេ ស្រាប់តែចូលរាំមិនបានប៉ុន្មានផង ក៏កើតមានជម្លោះ ព្រោះតែរឿងរាំជាន់ជើងគេហើយ សម្លឹងមុខឌឺដងដាក់គេទៀត ក៏ត្រូវគូទំនាស់ទាញប៉ែល មកសំពងចំក្បាល បណ្តាលឱ្យបែកក្បាលរងរបួសធ្ងន់ម្នាក់ ចំណែកជនដៃដល់ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននាំយកទៅចាត់ការតាមច្បាប់ ហេតុការណ៍នេះបង្កឱ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចបរិវេណវត្តភ្នំចាស់ ក្នុងឃុំហោងសំណុំ ស្រុកឱរ៉ាល់។

ជនដៃដល់ទាំង២នាក់នេះ មានឈ្មោះម៉េន ពេជ្រ អាយុ១៩ឆ្នាំ រស់នៅភូមិ ក្រាំងគគី ឃុំហោងសំណំ ស្រុកឱរ៉ាល់។ ចំណែកជនរងគ្រោះ មានឈ្មោះហ៊ី ពូលីស អាយុ២៥ឆ្នាំ មានលំនៅក្នុងភូមិតាំងស្រឹង ឃុំសង្កែសាទប ស្រុកឱរ៉ាល់។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ដែលប្រចាំការនៅក្នុងបរិវេណវត្តភ្នំចាស់ស្រាប់ បានអន្តរាគមន៍ចាប់ឃាត់ខ្លួនជនបង្កបានម្នាក់ និងដកហូតវត្ថុតាង រួមមានម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខកំពង់ស្ពឺ 1H-3263 និងប៉ែលដងឫស្សីចំនួន១ យកមកអធិការដ្ឋានចាត់ការតាមនីតិវិធី ។

នៅចំពោះមុខសមត្ថកិច្ច ជនដៃដល់ឈ្មោះម៉េន ពេជ្រ បានឆ្លើយសារភាពថា មូលហេតុដែលរូបគេយកប៉ែលទៅវាយជនរងគ្រោះ គឺដោយសារតែខឹងនឹងជនរងគ្រោះ ពេលរាំចេះតែមកជាន់ជើងរបស់គេ និងថែមទាំងធ្វើមុខឌឺដាក់គេទៀត ជាហេតុធ្វើឱ្យរូបគេទប់ចិត្តមិនបាន ក៏ទៅយកប៉ែលមកវាយសំពងតែម្តង។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់ការិយាល័យជំនាញចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES