ភ្នំពេញ ៖ បុរសល្មោភកាមម្នាក់ ឆ្លៀតពេលដែលប្រពន្ធមិននៅផ្ទះ ក៏ធ្វើសកម្មភាពចាប់រំលោភកូនស្រីចុងរបស់ខ្លួនជាបន្តបន្ទាប់ រហូតដល់បានសម្រេចដល់ទៅ៥ដង លុះក្មេងស្រីរងគ្រោះទ្រាំលែងបាន ក៏ទម្លាយរឿងប្រាប់ម្តាយ ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់អូសកជនល្មោភកាម ជាឪពុកចុងរូបនេះ យកទៅចាត់ការតាមច្បាប់។
ករណីឪចុងចាប់រំលោភកូនស្រីនេះ បានកើតឡើងតាំងពីអំឡុងខែកក្កដា ឆ្នាំ២០១៨ មកម៉្លេះ នៅចំណុចផ្ទះជួលគ្មានលេខ តាមបណ្តោយផ្លូវបេតុង ក្រុម១៣ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ។ រហូតមកដល់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ បន្ទាប់ពីរឿងរ៉ាវបែកធ្លាយ ទើបសមត្ថកិច្ចបានចុះអន្តរាគមន៍ ចាប់ឃាត់ខ្លួនជនសង្ស័យជាឪពុកចុង នាំយកមកសាកសួរ។
ជនសង្ស័យជាឪពុកចុងល្មោភកាម ចាប់រំលោភកូនស្រីបានសម្រេចជាច្រើនលើក មានឈ្មោះឯក វ៉ាន់ដូច ហៅរ៉ា អាយុ២៨ឆ្នាំ មុខរបរកម្មករ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះ គ.ច.ណ ទើបនឹងមានអាយុ៥ឆ្នាំប៉ុណ្ណោះ មានម្តាយជាកម្មករ ស្នាក់នៅជុំគ្នាជាមួយជនសង្ស័យជាឪពុកចុង នៅចំណុចផ្ទះជួល ក្នុងភូមិសង្កាត់ កើតហេតុខាងលើ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពទៀតថា រូបគេក៏ពុំបានចាំថ្ងៃខែនោះ ដែរ គឺរូបគេបានព្យាយាមរំលោភកូនស្រីនេះម្តង ហើយម្តងទៀត រហូតដល់បានសម្រេច ចំនួន៣ទៅ៤ដងបន្តទៀត ទើបបណ្តាលឱ្យក្មេងស្រីរងគ្រោះទ្រាំពុំបាននឹងទង្វើបែបនេះ ក៏សម្រេចចិត្ត ទម្លាយរឿងទាំងអស់ប្រាប់ឱ្យស្ត្រីជាម្តាយបានដឹង និងឈានដល់ការដាក់ពាក្យប្តឹងសុំកិច្ចអន្តរាគមន៍ពីកម្លាំងនគរបាលឱ្យឃាត់ខ្លួនតែម្តង។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមនីតិវិធី៕