ភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដោយបុរសជាកម្មករប្រមូលសំរាមរបស់ក្រុមហ៊ុនស៊ិនទ្រី២នាក់ ត្រូវជាពូក្មួយនឹងគ្នា ទើបចេញពីធ្វើការ ក៏ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GC-9903 ដឹកគ្នាបំណងទៅហាត់ប្រដាល់នៅក្លឹបតាឡី ស្រាប់តែអកុសល ត្រូវរថយន្តដឹកសំរាម១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌លឿង គ្មានពាក់ស្លាកលេខ បើកក្នុងល្បឿនលឿនដូចហោះ ជ្រុលមកបុក បណ្តាលឱ្យបុរសជាពូដួលបោកក្បាលទៅនឹងរថយន្តដឹកសំរាមស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកក្មួយប្រុសដួលចេញទៅចិញ្ចើមផ្លូវ មិនមានរងរបួសអ្វីនោះទេ កើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវបេតុងបឹងតាម៉ាត ស្ថិតក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ។
ជនរងគ្រោះដល់ស្លាប់ មានឈ្មោះអ៊ិន ឆោម អាយុ២៥ឆ្នាំ មុខរបរកម្មករក្រុមហ៊ុនស៊ិនទ្រី ស្នាក់នៅម្តុំបឹងតាម៉ាត ស្ថិតក្នុងភូមិសង្កាត់កើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិត្រោក ឃុំតាលួស ស្រុកស្វាយជុំ ខេត្តស្វាយរៀង។
ក្រោយកើតហេតុ អ្នកបើកបរថយន្តបង្ក បានព្យាយាមបន្ថែមល្បឿនបើកគេចចេញពីកន្លែងកើតហេតុ និងបានយករថយន្តទៅចតក្នុងការ៉ាសឡានស៊ិនទ្រី រួចគេចខ្លួនបាត់ស្រមោលភ្លាមៗតែម្តង។
បន្ទាប់ពីកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ សមត្ថកិច្ចជំនាញបានចុះធ្វើការវាស់វែង រួចអូសយករថយន្ត និងម៉ូតូ ទៅរក្សាទុកនៅការិយាល័យសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ។
សាកសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារដឹកទៅកាន់ស្រុកកំណើត ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕