Friday, July 4, 2025
Homeព័ត៌មានជាតិដើរលេងអុំទូកនៅមាត់ទន្លេ មកវិញអស់ជាង១មុឺនដុល្លារ ផ្អើលប៉ូលិសទាំងយប់

ដើរលេងអុំទូកនៅមាត់ទន្លេ មកវិញអស់ជាង១មុឺនដុល្លារ ផ្អើលប៉ូលិសទាំងយប់

ភ្នំពេញ ៖ ហេតុការណ៍ចោរគាស់ផ្ទះលួចលុយអស់ជាង១ម៉ឺនដុល្លារ ខណៈដែលម្ចាស់ផ្ទះរវល់នាំកូនចៅដើរលេងបុណ្យអុំទូក នៅមាត់ទន្លេ (ព្រះបរមរាជវាំង) លុះវេលាម៉ោង១១យប់ថ្ងៃដដែល ខណៈដែលស្ត្រីជាម្ចាស់ផ្ទះ រួមនឹងក្រុមគ្រួសារត្រឡប់មកដល់ផ្ទះវិញ ស្រាប់តែឃើញទ្វារផ្ទះរបស់ខ្លួនត្រូវកាត់កូនសោរ ទើបកើតមានការភ្ញាក់ផ្អើល ប្រញាប់រត់ចូលទៅមើល ក្នុងបន្ទប់ ក៏ឃើញថា មានសភាពរញ៉េរញៃ រើកកាយអស់គ្មានសល់ លុះក្រោយពីពិនិត្យទ្រព្យសម្បត្តិមានតម្លៃរបស់ខ្លួន ទើបដឹងថា គ្រឿងអលង្ការមួយចំនួនធំ រួមជាមួយប្រាក់រៀល និងប្រាក់ដុល្លារជាច្រើន សរុបជិត១ម៉ឺនដុល្លារ ត្រូវបានបាត់បង់អស់ទៅហើយ ទើបដឹងថា មានចោរចូលគាស់ផ្ទះ លួចទ្រព្យសម្បត្តិ  នៅចំណុចផ្ទះលេខ០៧ ក្រុម៨ ផ្លូវលំ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។ បន្ទាប់មកម្ចាស់ផ្ទះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលមូលដ្ឋានទាំងយប់  ដើម្បីសុំអន្តរាគមន៍ ហើយភ្លាមៗនោះ កម្លាំងនគរបាលមូលដ្ឋានក៏បានចុះទៅដល់កន្លែងកើតហេតុផងដែរ ប៉ុន្តែដោយសារពេលវេលាយប់ជ្រៅពេក កម្លាំង ជំនាញពុំអាចសួរនាំព័ត៌មានអ្វីបានឡើយ លុះស្អែកឡើងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ទើបឃាត់ខ្លួនជនសង្ស័យបាន នៅចំណុចបន្ទប់ផ្ទះជួលមួយកន្លែង ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។

ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ សំ សិទ្ធី ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរបលក់ដូរ។ ជនសង្ស័យមានឈ្មោះ សំរួល លីណា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ។

ក្រោយឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចបានដកហូតគ្រឿងអលង្ការ រួមមាន កងដៃ ក្រវិល និងខ្សែក រួមជាមួយប្រាក់រៀល និងប្រាក់ដុល្លារ ដែលជនរងគ្រោះបាត់បង់នោះ គឺត្រូវយកមកវិញបានទាំងអស់ ហើយកម្លាំងនគរបាលក៏ធ្វើការប្រគល់ជូនជនរងគ្រោះវិញទាំងអស់ រួចរាល់ផងដែរ។

ចំណែកជនសង្ស័យ ត្រូវបានបញ្ចូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ រង់ចាំកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

RELATED ARTICLES