ខេត្តកោះកុង ៖ បុរសម្នាក់បានផឹកស្រាស្រវឹងជោកជាំ រួចក៏ឡើងបើកអូប័រ បំណងទៅចូលរួមពិធីឡើងផ្ទះកូនរបស់ខ្លួន ស្រាប់តែអកុសល ដោយសារតែស្រវឹងខ្លាំងពេក គ្រប់គ្រងស្មារតី និងអូប័រមិនបាន ក៏បណ្តាលឱ្យក្រឡាប់អូប័រធ្លាក់ចូលទឹក លង់ស្លាប់ចំនួន២យប់ ទើបសពអណ្តែតឡើង និងត្រូវបានប្រជាពលរដ្ឋប្រទះឃើញ រាយការណ៍ប្រាប់សមត្ថកិច្ច។
ហេតុការណ៍បុរសស្រវឹងបើកអូប័រក្រឡាប់ធ្លាក់ទឹកលង់ស្លាប់នេះ បានកើតឡើងតាំងពីវេលា ក្បាលព្រលប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ មកម៉្លេះ រហូតមកដល់វេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ទើបប្រជាពលរដ្ឋបានប្រទះឃើញសាកសពអណ្តែតទឹក នៅត្រង់ចំណុចភូមិកោះកុងក្នុង ស្ថិតក្នុងឃុំកោះកាពិ ស្រុកកោះកុង។
សាកសពជនរងគ្រោះ ដែលអណ្តែតលើផ្ទៃទឹក និងត្រូវបានប្រជាពលរដ្ឋប្រទះឃើញ មានឈ្មោះលឿប ញ៉ឹប ភេទប្រុស អាយុ៥៥ឆ្នាំ មានរបរជាអ្នកនេសាទ មានលំនៅក្នុងភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង។
តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ ជនរងគ្រោះបានផឹកស្រាស្រវឹងជោគជាំ រួចបាននិយាយប្រាប់អ្នកភូមិថា គាត់ត្រូវទៅចូលរួមឡើងផ្ទះកូននៅភូមិព្រែកអង្គុញ ឃុំត្រពាំងរូង ស្រុកកោះកុង ពេលនោះ អ្នកជិតខាងឃើញជនរងគ្រោះស្រវឹងខ្លាំងណាស់ទៅហើយ ក៏បាននាំគ្នាឃាត់ ដោយនិយាយថា បើស្រវឹងខ្លាំង ហើយមិនបាច់ទៅទេ តែជនរងគ្រោះបានតបវិញថា កូនគាត់ធ្វើកម្មវិធី ហេតុនេះគាត់ជាឪពុកត្រូវតែទៅ។ លុះនិយាយរួច ជនរងគ្រោះក៏បានឡើងបើកអូប័រដែលមានម៉ាស៊ីនកន្ទុយវែង ចេញទៅបាត់ ចំណែកអ្នកជិតខាងក៏មិនអាចទាក់ទងទៅប្រពន្ធនិងកូន ជនរងគ្រោះ ដែលនៅព្រែកអង្គុញបានដែរ ហើយនឹកស្មានថា ជនរងគ្រោះមិនទៅចូលរួមក្នុងកម្មវិធីនោះទេ។
ប្រភពដដែលបន្តថា លុះដល់ថ្ងៃទី២៣ ខែ វិច្ឆិកា ឆ្នាំ២០១៨ ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិកោះកុងក្នុង បានប្រទះឃើញសំបកអូប័រអណ្តែតលើទឹក ដោយគ្មានម្ចាស់ក៏បានផ្សព្វផ្សាយរកម្ចាស់អូប័រ ក្រោយមកកូនរបស់ជនរងគ្រោះ ក៏បានមកមើលឃើញថា សំបកអូប័រខាងលើជារបស់ឪពុកខ្លួនមែន ហើយក្រុមគ្រួសារសង្ស័យថា ជនរងគ្រោះធ្លាក់ទឹក ក៏បាននាំគ្នារុករកក្នុងទឹក តែពុំឃើញជនរងគ្រោះនោះទេ ពេលនោះក្រុមគ្រួសារជនរងគ្រោះ មិនបានរាយការណ៍មកសមត្ថកិច្ចឱ្យបានដឹងទេ។ រហូតមកដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ប្រជាពលរដ្ឋដែលរស់នៅភូមិកោះកុងក្នុង បានប្រទះឃើញសាកសពអណ្តែតទឹក ក៏រាយការណ៍មកសមត្ថកិច្ចតែម្តង។
ក្រោយពីទទួលបានសេចក្តីរាយការណ៍ខាងលើនេះ លោកស៊ុន ឃៀម អធិការនគរបាលស្រុកកោះកុង ក៏បានបញ្ជាឱ្យកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកោះកុង សហការ ជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលកោះកាពិ ចុះទៅដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យមើលសាកសពដែលអណ្តែតទឹកខាងលើ។
បន្ទាប់ពីពិនិត្យជាក់ស្តែង រួមទាំងមានការសាកសួរបំភ្លឺពីក្រុមគ្រួសារ និងអ្នកជិតខាងផងនោះ កម្លាំងជំនាញបានសន្និដ្ឋានថា ជនរងគ្រោះ ពិតជាបានស្លាប់ដោយសារស្រវឹងស្រា ដោយបានបើកអូប័រក្រឡាប់ធ្លាក់ទឹកលង់ស្លាប់ប្រាកដមែន។
បន្ទាប់ពីធ្វើការពិនិត្យរួចរាល់កម្លាំងសមត្ថកិច្ចក៏បានធ្វើកំណត់ហេតុ និងប្រគល់សពទៅឱ្យក្រុមគ្រួសារ ដើម្បីយកទៅធើបុណ្យតាមប្រពៃណី៕