Friday, July 4, 2025
Homeព័ត៌មានជាតិហៅមកផឹកជាមួយមិនព្រម ស្ទុះដាល់បែកមាត់ គេសងវិញ១ញញួរ

ហៅមកផឹកជាមួយមិនព្រម ស្ទុះដាល់បែកមាត់ គេសងវិញ១ញញួរ

ភ្នំពេញ ៖ កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចស្តូបមិត្តភាពកម្ពុជា-វៀតណាម តាមបណ្តោយផ្លូវសុធារស ស្ថិតក្នុងភូមិ២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ បុរសម្នាក់កំពុងជួបជុំគ្នាផឹកស៊ីជាមួយមិត្តភក្តិ៣-៤នាក់ទៀត ស្រវឹងធ្លាក់ភ្នែក ឃើញអ្នកស្គាល់គ្នាម្នាក់ដើរកាត់ ហៅឱ្យចូលមកផឹកជាមួយមិនព្រម ក៏ផ្ទុះកំហឹងស្ទុះទៅដាល់បុរសនោះបណ្តាលឱ្យបែកមាត់ ជាហេតុធ្វើឱ្យបុរសរូបនោះ ខឹងក៏ទាញញញួរដែក សំពងសងវិញ បណ្តាលឱ្យបែកក្បាលសន្លប់ស្តូក បង្កឱ្យមានការភ្ញាក់ផ្អើលឡើង។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះហង្ស បូរិន អាយុ៤៥ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ និងដកហូតវត្ថុតាង ញញួរដែក១។ ចំណែកជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ គឺកំពុងសង្គ្រោះនៅមន្ទីរពេទ្យឯកជនមួយ។

ក្រោយកើតហេតុ កម្លាំងល្បាតរបស់ប៉ុស្តិ៍នគរបាលចតុមុខ ប្រទះឃើញ ក៏ចូលមកជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ រួមជាមួយវត្ថុតាង នាំមកស្នាក់ការប៉ុស្តិ៍រដ្ឋបាលចតុមុខតែម្តង។ ចំណែកជនរងគ្រោះបានយកទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជន។

ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការនគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

RELATED ARTICLES