Friday, July 4, 2025
Homeព័ត៌មានជាតិឪប្រាប់ថា "ឈប់ទាក់ទងកូនស្រីគេ កូនគេក្មេងណាស់" កូនប្រុសផ្តាំមិត្តភក្តិជួយមើលសង្សារ

ឪប្រាប់ថា “ឈប់ទាក់ទងកូនស្រីគេ កូនគេក្មេងណាស់” កូនប្រុសផ្តាំមិត្តភក្តិជួយមើលសង្សារ

ខេត្តឧត្តរមានជ័យ ៖ យុវជនម្នាក់ បានទាក់ទងស្នេហាជាមួយនឹងកូនស្រីអ្នកភូមិម្នាក់ លុះឪពុកដឹងរឿង  ក៏បានហាមឃាត់កូនប្រុសឱ្យឈប់ទាក់ទងជាមួយស្រីស្នេហ៍ និងថែមទាំងបោះសម្តីថា បើមិនស្តាប់ នឹងមិនឱ្យចូលផ្ទះ ជាហេតុធ្វើឱ្យយុវជនជាកូនប្រុស ឈឺចិត្តស្អិតទ្រូង ក៏ឆាតផ្តាំទៅមិត្តភក្តិឱ្យជួយមើលថែស្រីស្នេហ៍របស់ខ្លួនផង រួចក៏ដាច់ចិត្តចងកស្លាប់យ៉ាងអាណោចអាធ័ម។

ករណីកូនប្រុសតូចចិត្តរឿងឪពុករារាំងស្នេហា ចងកសម្លាប់ខ្លួននេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨  នៅចំណុចភូមិភ្លង់ចាស់ សង្កាត់បុស្បូវ ក្រុងសំរោង។

យុវជនចិត្តខ្លាំងគំនិតខ្លី ដែលចងកធ្វើអត្តឃាតនោះ មានឈ្មោះសុភា រ៉ាមី អាយុ២១ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមការបំភ្លឺរបស់ឈ្មោះសុភា អូនតូច ភេទប្រុស អាយុ១៧ឆ្នាំ ត្រូវជាប្អូនបង្កើតរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា បងប្រុសរបស់ខ្លួន (ជនរងគ្រោះ) បានទាក់ទងស្នេហាជាមួយកូនស្រីរបស់គេម្នាក់ នៅភូមិចេកក្បូរ សង្កាត់បុស្បុវ ក្រុងសំរោង មួយរយៈមកហើយ។  លុះមកដលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ ឪពុកបានដឹងរឿងនេះ ក៏បានហាមបងប្រុស  (ជនរងគ្រោះ) ឱ្យឈប់ទាក់ទង់ជាមួយគូស្នេហ៍ម្នាក់នោះទៀត ដោយសារតែឪពុកបានមើលឃើញថា កូនស្រីរបស់គេនោះនៅក្មេងណាស់ ខ្លាចជ្រុលជ្រួស នាំឱ្យមានរឿងរ៉ាវជាប់ទោសទណ្ឌ ទើបគាត់បាននិយាយទៅកាន់ជនរងគ្រោះថា “ឈប់ទាក់ទងកូនស្រីគេទៀតទៅ កូនគេនៅក្មេងណាស់ បើសិនជាអាឯងមិនស្តាប់អញ មិនបាច់ចូលផ្ទះទេ…” លុះពេលឮឪពុកនិយាយបែបនេះ បងប្រុសបានជិះម៉ូតូចេញទៅបាត់ មិនដឹងជាទៅណា រហូតដល់យប់ជ្រៅ ទើបត្រឡប់មកផ្ទះវិញ។

ប្អូនប្រុសរបស់ជនរគ្រោះ បន្តថា  លុះព្រឹកឡើង ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ បងប្រុស (ជនរងគ្រោះ) បានចេញទៅភ្ជួរស្រែនៅភូមិរាជន្ទល់ ឃុំស្រែខ្វាវ ស្រុកអង្គរជុំ ខេត្តសៀមរាប។ លុះមកដល់ម៉ោង៥ព្រឹក ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ក៏ទូរស័ព្ទមកប្រាប់ឪពុកថា គាត់មកផ្ទះវិញថ្ងៃនេះ ធ្វើឱ្យឪពុកចេះតែចាំមើលផ្លូវ តែមិនឃើញមកវិញសោះ ហើយទោះជាទូរស័ព្ទចូលច្រើនដង ក៏គ្មានអ្នកលើកទៀត។ ស្រាប់តែមកដល់វេលាម៉ោង៥ល្ងាច ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ក៏មានអ្នកភូមិប្រាប់ថា ឃើញម៉ូតូជនរងគ្រោះឈប់នៅចម្ការខាងត្បូងភូមិ ភ្លាមនោះ ពួកខ្លួនជាក្រុមគ្រួសារក៏ប្រញាប់នាំគ្នាទៅតាមរកមើល ក៏ប្រទះឃើញស្នាមដាន ជើងដើរចេញពីម៉ូតូ ឆ្ពោះទៅកន្លែងកើតហេតុ រួចក៏ប្រទះឃើញជនរងគ្រោះចងកស្លាប់បាត់ ទៅហើយ ទើបប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍តែម្តង។

សមត្ថកិច្ចបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចជំនាញ សហការជាមួយកម្លាំងអធិការក្រុង និងគ្រូពេទ្យ បានចុះទៅពិនិត្យដល់កន្លែងកើតហេតុ និងបានរកឃើញថា នៅក្បែរសពជនរងគ្រោះ មានអាវយឺតដៃខ្លី ពណ៌ឈាមជ្រូកលាយសមួយ ពាក់ជាប់នឹងមែកឈើ និងមានទូរស័ព្ទដៃម៉ាក Samsung នៅនឹងដី ខាងក្រោមសពជនរងគ្រោះ។

នៅពេលសមត្ថកិច្ចពិនិត្យលើទូរស័ព្ទដៃ ជនរងគ្រោះឃើញមានរូបភាពយកខ្សែចងនឹងក ហើយផ្ញើសារទៅមិត្តភក្តិ និងមានសារជាសំឡេងថា “អញទៅហើយ មើលសង្សារអញផង…” និងមានសារសំឡេងមិត្តភក្តិនោះឆ្លើយ តបមកវិញ ទំនងជានិយាយលេងសើចថា “បើទៅមុន រកដីទុកអញមួយប្លង់ផង…”។ ជាមួយនេះ ក៏មានសារជាអក្សរផ្ញើទៅកាន់ឪពុកថា “ប៉ាលក់អាត្រាក់មួយទៅ កូនមិនបាននៅប្រើវាទេ កូនសុំទោស កូនមានវិបត្តិមួយ ដែលមិនអាចប្រាប់បាន…”។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ជនរងគ្រោះពិតជាស្លាប់ដោយចងកធ្វើអត្តឃាតពិតប្រាកដមែន ដោយប្រើខ្សែបន្តោងសោ ពណ៌ស្លាទុំលាយស ចងកភ្ជាប់ទៅនឹងមែកឈើ ផុតជើងពីដី ១,២០ម៉ែត្រ នៅត្រង់ក មានស្នាមជាំខ្មៅពីមុខទៅក្រោយ រាងជាអក្សរ U។ ក្រៅពីនោះ ពុំឃើញមានស្លាកស្នាមអ្វីគួរឱ្យសង្ស័យ ពាក់ព័ន្ធនឹងបទល្មើសនោះទេ។ ចំណែកមូលហេតុដែលនាំឱ្យជនរងគ្រោះដាច់ចិត្តគិតខ្លីបែបនេះ គឺដោយសារតែជនរងគ្រោះជួបនឹងវិបត្តិស្នេហា។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដឹកទៅកាន់លំនៅដ្ឋាន ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES