ខេត្តសៀមរាប ៖ បុរសម្នាក់បានស្លាប់ចោលប្រពន្ធកូន ដោយសារកើតមានជំងឺបេះដូងរីក និងហើមសួតធ្ងន់ធ្ងរ ប្រចាំកាយជាច្រើនឆ្នាំមកហើយ ខណៈដែលប្រពន្ធនាំទៅសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មួយរយៈមកហើយ និងទើបចេញពីពេទ្យវិញបានកន្លះខែប៉ុណ្ណោះ រួចក៏ទៅស្នាក់នៅបណ្តោះអាសន្នជាមួយប្រពន្ធនៅកន្លែងធ្វើការ ស្រាប់តែអកុសល ក៏ដាច់ខ្យល់ស្លាប់យ៉ាងអាណោច បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅកន្លែងស្នាក់ នៅរបស់បុគ្គលិកក្នុងរោងពុម្ពខោអាវយឺត យន់ ណា ស្ថិតក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប។
ជនរងគ្រោះមានឈ្មោះសេង សុជាតិ អាយុ៤៥ឆ្នាំ មុខរបរយោធាឈរជើងនៅចំណុចអូរកូនតឹង ក្នុងភូមិត្រពាំងក្រសាំង ឃុំស្រែណូយ ស្រុកវ៉ារិន មានប្រពន្ធឈ្មោះតេង ស្រី អាយុ៣៨ឆ្នាំ ជាបុគ្គលិករោងពុម្ពខោអាវខាងលើ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោលស្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះ ពិតជាដេកស្លាប់ដោយសារជំងឺ ប្រចាំកាយប្រាកដមែន ពោលគឺមិនពាក់ព័ន្ធទៅនឹងករណីអ្វីផ្សេងនោះឡើយ។
សាកសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យស្ត្រីជាប្រពន្ធដឹកទៅកាន់ស្រុកកំណើត ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕