Friday, July 4, 2025
Homeព័ត៌មានជាតិឪកំពុងដេកឈឺលើកន្ទេល កូនប្រុសសប្បាយហួស រហូតដល់ស្លាប់

ឪកំពុងដេកឈឺលើកន្ទេល កូនប្រុសសប្បាយហួស រហូតដល់ស្លាប់

ភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ យុវជន២នាក់ ទើបនឹងចេញពីផឹកស៊ីនៅផ្ទះមិត្តភក្តិ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1G-1691 ដឹកគ្នាបំណងត្រឡប់មកផ្ទះវិញ ស្រាប់តែអកុសល ធ្វើដំណើរដល់ពាក់កណ្តាលផ្លូវ ក៏ជ្រុលចង្កូតធ្លាក់ជង្ហុកដួលម៉ូតូ បណ្តាលឱ្យយុវជនជាអ្នកបើកម៉ូតូ បោកក្បាលស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម ខណៈដែលសព្វថ្ងៃរស់នៅជាមួយឪពុកដែលកំពុងមានជំងឺ ឈឺដេកកន្ទេលក្រោកមិនរួចផង ចំណែកមិត្តភក្តិដែលរួមដំណើរពីក្រោយ ទទួលរងរបួសធ្ងន់ កាលពីវេលាម៉ោង៨ និង១០នាទីយប់ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចមុខច្រកចូលបុរីហ្គ្រេនភ្នំពេញ តាមបណ្តោយផ្លូវ៥៩៨ ស្ថិតក្នុងភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ។

យុវជនរងគ្រោះដល់ស្លាប់ មានឈ្មោះជា សុភ័ក្ត្រា អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ មានស្រុកកំណើតនៅភូមិព្រៃសំរោង ឃុំទួលព្រិច ស្រុកអង្កស្នួល ខេត្តកណ្តាល។ ចំណែកជនរងគ្រោះជាមិត្តភក្តិដែលរួមដំណើរជាមួយ និងទទួលរងរបួសធ្ងន់ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ ក្រោយកើតហេតុ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ ដោយទាក់ទងហៅរថយន្តសង្គ្រោះ មកដឹកបញ្ជូនជនរងគ្រោះដែលរងរបួសធ្ងន់ ទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះជីវិត។ បន្ទាប់មក សមត្ថកិច្ចជំនាញ បានចុះធ្វើការវាស់វែង រួចអូសយកម៉ូតូទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវបណ្តោះអាសន្ន រង់ចាំសាច់ញាតិយកឯកសារមកផ្ទៀងផ្ទាត់ ដើម្បីយកត្រឡប់ទៅផ្ទះវិញ។

ដោយឡែក សាកសពជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ជូនសាច់ញាត្តិដឹកទៅកាន់ស្រុកកំណើត ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES