Friday, July 4, 2025
Homeព័ត៌មានជាតិចាប់បាន១០០កំណាត់ ពេលចុះប្រតិបត្តិការបង្ក្រាបម្សិលមិញនេះ

ចាប់បាន១០០កំណាត់ ពេលចុះប្រតិបត្តិការបង្ក្រាបម្សិលមិញនេះ

ខេត្តរតនគិរី ៖ កម្លាំងសមត្ថកិច្ចអាវុធហត្ថលើផ្ទៃប្រទេសមួយក្រុម ដឹកនាំដោយលោកយ៉ែម ស៊ីណាត កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ បានចុះប្រតិបត្តិការបង្ក្រាបចាប់ឈើប្រណីតជិត១០០កំណាត់ ដែលត្រូវបានក្រុមឈ្មួញលាក់ទុកក្នុងចម្ការស្វាយចន្ទី ក្រោយសាលាឃុំវ៉ើនសៃ បម្រុងនាំចេញទៅកាន់ប្រទេសវៀតណាម។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ មានប្រជាពលរដ្ឋ បានប្រទះឃើញគំនរឈើជាច្រើនកំណាត់ ដែលក្រុមឈ្មួញបានដឹកយកទៅលាក់ទុកនៅចំណុចខាងក្រោយសាលាឃុំវ៉ើនសៃ ស្ថិតក្នុងភូមិសាស្ត្រ ឃុំវ៉ើនសៃ ស្រុកវ៉ើនសៃ បន្ទាប់មកក៏ប្រញាប់រាយការណ៍ទៅសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានភ្លាមៗដែរ ប៉ុន្តែពុំមានស្ថាប័នណាចេញមុខធ្វើអន្តរាគមន៍ឡើយ ពោលគឺមិនដឹងថា មើលបំណាំគ្នា ឬត្រូវថ្នាំសណ្តំរបស់ក្រុមឈ្មួញនោះទេ។

ប្រភពដដែល បន្តថា លុះមកដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨  ពលរដ្ឋក៏បានជូនដំណឹងទៅថ្នាក់លើ រហូតមកដល់ព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកយ៉ែម ស៊ីណាត ក៏បានដឹកនាំកម្លាំងប៉េអឹមលើផ្ទៃប្រទេស ចុះបង្ក្រាបតែម្តង។

យុទ្ធនាការបង្ក្រាបខាងលើនោះ កម្លាំងប៉េអឹមបានរកឃើញឈើចម្រុះ រួមមាន សុក្រំ និងគគីរ ចំនួន៩០កំណាត់ ដែលមានមុខកាត់ធំៗ ដែលគេអារឡាំងជាបួនជ្រុង និងមានប្រវែងប្រហែលបួនម៉ែត្រ។

មន្ត្រីប៉េអឹមម្នាក់ បានបញ្ជាក់ប្រាប់ថា ឈើទាំងអស់នោះ គឺត្រូវធ្វើកំណត់ហេតុរួចរឹបអូសយកទៅផ្ញើទុកនៅសាលាឃុំវ៉ឺនសៃ មួយរយៈពេលសិន រួចរកវិធីចាត់កាបន្តតាមច្បាប់។

គួរកត់សម្គាល់ថា កាលពីខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅក្រុមឈ្មួញដែលមានលុយ និងមានអំណាចបានទៅបំផុស ពលរដ្ឋឱ្យចូលកាប់ឈើនៅក្នុងដែនជម្រកសត្វទោច ដែលមានទីតាំងស្ថិតនៅជាប់ព្រំប្រទល់ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង និងស្រុកវើនសៃ ខេត្តរតនគិរី។ ក្រោយកាប់បានឈើហើយ មេឈ្មួញបានបញ្ជាឱ្យពលរដ្ឋដឹកជញ្ជូនយកឈើនោះទៅលាក់ទុកនៅភូមិសាស្ត្រស្រុកវ៉ឺនសៃ សិន រង់ចាំឱកាសល្អ គេនឹងដឹកឈើនោះទៅលក់ឱ្យវៀតណាម។ ប៉ុន្តែពេលនេះបែកការហើយ ត្រូវកម្លាំងប៉េអឹមផ្ទៃប្រទេសចុះទៅបង្ក្រាបយកអស់ តែពុំមានឃាត់ខ្លួនមេឈ្មួញទេ៕

RELATED ARTICLES