Friday, July 4, 2025
Homeព័ត៌មានជាតិទើបដឹងខ្លួនមានកំហុសពេលនាំស្វាយកទៅលក់ ព្រោះតែខឹងសុីដំណាំពេក

ទើបដឹងខ្លួនមានកំហុសពេលនាំស្វាយកទៅលក់ ព្រោះតែខឹងសុីដំណាំពេក

ខេត្តបាត់ដំបង ៖ បុរសចំណាស់ម្នាក់ ជាប្រជាការពារភូមិ បានយំសោកប្រាប់គេឯង និងបានតាមអង្វរសមត្ថកិច្ច ដើម្បីឱ្យដោះលែងកូនប្រុសរបស់គាត់ បន្ទាប់ពីត្រូវប៉ូលិសស្រុកសំឡូត ចាប់ខ្លួន ដោយចោទប្រកាន់ថា ជួញដូរសត្វព្រៃដោយខុសច្បាប់។

ប្រភពពីបុរសជាឪពុក បានឱ្យដឹងថា ការឃាត់ខ្លួនយុវជនទាំង២នាក់បងប្អូននេះ បានធ្វើឡើងកាលពីវេលាម៉ោង៨និង៤៥នាទីយប់ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចភូមិចំការចេក ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ខណៈដែលពួកគេទាំង២នាក់ កំពុងជិះម៉ូតូមួយគ្រឿង មានដឹកកូនស្វាចំនួន១០ក្បាលផង។

កូនរបស់គាត់ទាំង២នាក់ មានឈ្មោះជួន សេង ភេទប្រុស អាយុ១៩ឆ្នាំ និងម្នាក់ទៀត ឈ្មោះសួង សម្បត្តិ ភេទប្រុស អាយុ១៨ឆ្នាំ។ ពួកគេទាំង២ រស់នៅភូមិតានន ឃុំមានជ័យ ស្រុកសំឡូត។

នៅចំពោះមុខសមត្ថកិច្ច យុវជនទាំង២ បានសារភាពថា មូលហេតុមកពីដំណាំរបស់ពួកគេត្រូវសត្វស្វាទាំងនេះ ចុះពីភ្នំមកស៊ីបំផ្លាញ ទើបពួកគេខឹងពេក ក៏បែកគំនិតធ្វើលបចាប់សត្វស្វាទាំងនេះ។ ទីបំផុត ពួកគេក៏បានវាយលប និងចាប់បានស្វាតូចៗ សរុបចំនួន១០ក្បាល ហើយក៏បានដឹកចេញពីចម្ការ ដើម្បីយកទៅលក់ តែក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

ទោះបីជាមានការអង្វរករពីបុរសជាឪពុក និងជាប្រជាការពារភូមិយ៉ាងណាក៏ដោយ ក៏លោកអធិការ កោ ស៊ុនកាំង ត្រូវតែរៀបចំសំណុំរឿង ដើម្បីបញ្ជូនយុវជនទាំងពីរនេះ ទៅកាន់ការិយាល័យនគរបាលសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសម្រេច។ ចំណែកបុរសជាឪពុករូបនោះ ក៏បានត្រៀមខ្លួនទៅតាមកូនប្រុសដែរ បើទោះបីជាត្រូវបញ្ជូនទៅតុលាការក៏ដោយ។

ប្រភពពីប្រជាពលរដ្ឋមួយចំនួន បានលើកឡើងថា បទល្មើសគរគោក នៅក្នុងទឹកដីស្រុកសំឡូត គឺលោកអធិការមើលរំលង ប៉ុន្តែចំពោះយុវជនទាំង២នាក់ខាងលើ គឺគេពុំមែនជាអ្នកចាប់សត្វព្រៃ ធ្វើអាជីព ដើម្បីលក់ជាប្រចាំឯណា នេះគ្រាន់តែលើកទី១ ដោយសារមានកំហឹងនឹងសត្វទាំងនេះ គួរតែធ្វើការអប់រំ ឬព្រមាន ដាក់កិច្ចសន្យា ដើម្បីឱ្យបញ្ឈប់សកម្មភាពនេះ ប៉ុន្តែលោកអធិការធ្វើដូចជាគោរពច្បាប់ខ្លាំងណាស់ ដោយបានបញ្ជូនយុវជនទាំង២ ទៅតុលាការ ប៉ុន្តែទោះបីយ៉ាងណា ក៏ប្រភពទាំងនោះ មានជំនឿថា លោកព្រះរាជអាជ្ញា នឹងចេះថ្លឹងថ្លែងមិនខាន៕

RELATED ARTICLES