Friday, July 4, 2025
Homeព័ត៌មានជាតិគ្រាន់តែសួរថា "ហែងទៅណា?" មិនទាន់បានឆ្លើយផង ទាញកាំភ្លើងអាមេច្រោក

គ្រាន់តែសួរថា “ហែងទៅណា?” មិនទាន់បានឆ្លើយផង ទាញកាំភ្លើងអាមេច្រោក

ភ្នំពេញ ៖ បុរសម្នាក់មិនត្រូវបានស្គាល់ពីអត្តសញ្ញាណ មិនដឹងមានបញ្ហាអ្វី ស្រាប់តែដកកាំភ្លើងបាញ់ជាច្រើនគ្រាប់ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរខាង រាយការណ៍ប្រាប់សមត្ថកិច្ចចុះអន្តរាគមន៍ចាប់ឃាត់ខ្លួន នាំយកទៅសួរនាំ។

ករណីបាញ់បោះសេរីទាំងកណ្តាលយប់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងជាង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចសំណង់ផ្ទះល្វែងតាងៅ ផ្លូវលេខ៦៦៦A១ ស្ថិតក្នុងភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

តាមប្រភពពីប្រជាពលរដ្ឋម្នាក់ បានបញ្ជាក់ប្រាប់ដោយសុំមិនបញ្ចោញឈ្មោះថា កាលពីវេលាម៉ោង១១និង១០នាទីយប់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ គាត់បានបើករថយន្តតែម្នាក់ឯង ចេញពីម្តុំទួលក្រសាំងសំដៅមកផ្ទះនៅសំណង់ផ្ទះល្វែងតាងៅ ចំណុចទីតាំងកើតហេតុខាងលើ។ លុះមុននឹងចេញមក គាត់បានទូរស័ព្ទប្រាប់ប្រពន្ធឱ្យចាំបើកទ្វារផ្ទះ ភ្លាមនោះប្រពន្ធរបស់គាត់ បានប្រាប់ថា មានមនុស្សប្រុសម្នាក់ អាយុប្រហែល៣០ឆ្នាំ ដើរបាញ់កាំភ្លើងតាមផ្លូវនៅជិតផ្ទះរបស់យើង។ ភ្លាមនោះ គាត់ក៏ប្រញាប់បើករថយន្តសំដៅមកផ្ទះ លុះមកជិតដល់ផ្លូវចូលបុរី គាត់ក៏ឈប់ រថយន្តចុះរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍និរោធ ដោយរៀបរាប់ប្រាប់តាមអ្វីដែលប្រពន្ធរបស់គាត់ប្រាប់ គឺថា មានបុរសម្នាក់ កំពុងដើរបាញ់បោះ សេរីក្បែរផ្ទះរបស់គាត់។ លុះរាយការណ៍ប្រាប់សមត្ថកិច្ចរួចហើយ គាត់ក៏បើករថយន្តចេញមក ដល់ចំណុចមុខផ្ទះលេខ១១ព ផ្លូវ ៦៦៦A ស្រាប់តែជនបង្កបានស្រែកសួររូបគាត់ថា “ហែងទៅណា…?” រួចក៏អាមេកាំភ្លើងខ្លី (មិនស្គាល់ម៉ាក) ចុះឡើងៗ ទើបគាត់ឃើញសភាពមិនស្រួល ក៏បើករថយន្តថយក្រោយត្រឡប់ទៅប៉ុស្តិ៍នគរបាលនិរោធ វិញ ហើយប្រញាប់រាយការណ៍ប្រាប់ឱ្យសមត្ថកិច្ចម្តងេទៀត និងស្នើសុំឱ្យសមត្ថកិច្ចចុះមកជួយអន្តរាគមន៍ភ្លាមៗ ព្រោះគាត់ភ័យ ហើយនឹងមិនអាចចូលផ្ទះបានឡើយ។ បន្ទាប់មកសមត្ថកិច្ចក៏បានចុះមកដល់ទីតាំងកើតហេតុ ឃាត់ខ្លួនជនបង្កជាខ្មាន់កាំភ្លើងរូបនោះ នាំយកទៅសាកសួរប៉ុស្តិ៍នគរបាលនិរោធ តែម្តង។

ក្រោយពីធ្វើការសាកសួររួចរាល់ សមត្ថកិច្ចបានបញ្ជូនជនសង្ស័យខាងលើនេះ ទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ ច្បារអំពៅ ដើម្បីសាកសួរ និងចាត់ការបន្តតាមនីតិវិធី។

យ៉ាងណាក្តី សមត្ថកិច្ចមិនិទាន់ផ្តល់ព័ត៌មានលម្អិតជុំវិញករណីបាញ់បោះសេរីខាងលើនេះនៅឡើយ ព្រោះពេលទៅដល់មុខប៉ុស្តិ៍សមត្ថកិច្ចទាញទ្វារបិទ លុះពេលបញ្ជូនទៅដល់អធិការដ្ឋានខណ្ឌច្បារអំពៅ សមត្ថកិច្ចក៏បានទាញទ្វារបិទទៀត ហាក់បីដូចជាព្យាយាមបិទបាំង មិនផ្តល់ព័ត៌មានជូនក្រុមអ្នកយកព័ត៌មានសោះឡើយ៕

RELATED ARTICLES