ភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ខណៈនារីវ័យក្មេងរូបស្រស់ម្នាក់ ទើបនឹងចេញពីក្លឹប ផឹកស៊ីស្រវឹងជោកជាំ ជិះម៉ូតូតែម្នាក់ឯងបំណងត្រឡប់ទៅផ្ទះវិញ ក៏ស្រាប់តែរេ ចង្កូតជ្រុលទៅបុកនឹងចិញ្ចើមផ្លូវ បណ្តាលឱ្យដួលបោកក្បាលរងរបួសធ្ងន់ លុះដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត បានកន្លះម៉ោង ក៏ដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម បានកើតឡើង កាលពីវេលាម៉ោង១១ និង២០នាទីយប់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ២ ត្រង់ចំណុចទល់មុខរោងចក្រផលិតផ្លាស្ទិក ជិតមជ្ឈមណ្ឌលម៉ូឌែន២ ស្ថិតក្នុងភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែ ក្រោម ខណ្ឌមានជ័យ។
នារីរងគ្រោះដែលជិះម៉ូតូដួលបោកក្បាលស្លាប់រូបនេះ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគ មានវ័យ ប្រមាណ២០ឆ្នាំ ស្លៀករូបខើចត្រឹមភ្លៅពណ៌ខ្មៅ និងជិះម៉ូតូ១គ្រឿងម៉ាកស៊ុយស៊ូគីនិច ពណ៌សលាយខ្មៅ ពាក់ស្លាកលេខ កណ្តាល ១ទ-៩៥៦១។
តាមប្រភពពីបុរសម្នាក់ដែលបានប្រទះឃើញហេតុការណ៍ផ្ទាល់ភ្នែក បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គាត់ឃើញនារីរងគ្រោះ ខាងលើ ទើបនឹងចេញពីក្លឹប១កន្លែងនៅចាក់អង្រែ ហើយបានជិះម៉ូតូ ម៉ាកស៊ុយស៊ូគីនិច តែម្នាក់ឯង ដោយធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីត្បូងទៅជើង (ដោយមិនដឹងថាសំដៅទៅផ្ទះ ឬក៏ទៅណានោះទេ) លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមិនដឹងយ៉ាងម៉េច ឬអាចមកពីផឹកស្រវឹងជ្រុល ទើបធ្វើឱ្យនារីរងគ្រោះជិះម៉ូតូជ្រុលចង្កូតទៅបុកខឿនចិញ្ចើមផ្លូវ បណ្តាលឱ្យដួលបោកក្បាលរងរបួសធ្ងន់តែម្តង។ ភ្លាមៗនោះ ប្រជាពលរដ្ឋដែលឃើញហេតុការណ៍ បានរាយការណ៍ប្រាប់សមត្ថកិច្ច និងជួយទាក់ទងរថយន្តគ្លីនិកឯកជនមហានគរ មកដឹកបញ្ជូននារី រងគ្រោះ ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗដែរ តែអកុសល ដោយសារតែស្ថានភាពរបួសធ្ងន់ធ្ងរពេក ទើបនារីរងគ្រោះបានដាច់ ខ្យល់ស្លាប់នៅមន្ទីរពេទ្យយ៉ាងអាណោចអាធ័ម។
តាមអ្នកបើកបររថយន្តសង្គ្រោះគ្លីនិកមហានគរ ដែលបានដឹកបញ្ជូននារីរងគ្រោះទៅកាន់មន្ទីរពេទ្យកាល់ម៉ែត បានបញ្ជាក់ឱ្យដឹងថា បន្ទាប់ពីដឹកទៅដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់ បានដាក់អុកស៊ីហ្សែនបានជាងកន្លះម៉ោង ក៏បានប្រាប់មកវិញថា មិនអាចជួយសង្គ្រោះ បានទេ គឺជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅ ព្រោះស្ថានភាពរបួសបោកក្បាលចំផ្នែកខាងក្រោយ មានសភាពធ្ងន់ធ្ងរខ្លាំងពេក។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌមានជ័យ ចុះមកយកម៉ូតូជនរងគ្រោះទៅរក្សាទុកបណ្តោះអាសន្ន នៅអធិការដ្ឋាន នគរបាលខណ្ឌមានជ័យ ដើម្បីរង់ចាំសាច់ញាតិយកឯកសារមកផ្ទៀងផ្ទាត់ ដើម្បីយកត្រឡប់ទៅផ្ទះវិញ។
ចំណែកសពជនរងគ្រោះ ត្រូវបានដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លា ដើម្បីរង់ចាំសមត្ថកិច្ចជំនាញធ្វើកោលស្យវិច័យ និងទាក់ទងរក សាច់ញាតិក្រុមគ្រួសារ ឱ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕