ខេត្តឧត្តរមានជ័យ ៖ ជនសង្ស័យចំនួន៣នាក់ ទី១-ឈ្មោះសួស សិរីរ័ត្ន ហៅពៅ ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិវិហារខ្ពស់ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ ទី២-ឈ្មោះកែវ ម៉ៅ ហៅម៉ៅ ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិវត្តកណ្តាល ឃុំរង្សី ស្រុកសង្កែ ខេត្តបាត់ដំបង។ និងទី៣-ឈ្មោះជុំ ស្រស់ ហៅស្រស់ ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិឡចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ ចំណែកជនរងគ្រោះឈ្មោះអ៊ុន ពីឌិច ភេទប្រុស អាយុ៥៤ឆ្នាំ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ 20E1 ផ្លូវលេខ២១៥ ភូមិ១០ សង្កាត់មិត្តភាព ខណ្ឌ៧ មករា រាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ឃាត់ខ្លួនជាបន្តបន្ទាប់ ពាក់ព័ន្ធទៅនឹងករណីគំរាមសម្លាប់ និងឆបោកប្រាក់ចំនួន២លានដុល្លារ កាលពីអំឡុងឆ្នាំ២០១៥កន្លងទៅ។ ប្រតិបត្តិការចាប់ខ្លួននេះ ធ្វើឡើង កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចផ្ទះសំណាក់យីហោ បឹងតាម៉ុក ស្ថិតនៅភូមិអភិឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង។
តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ប្រតិបត្តការចាប់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើនេះ ដឹកនាំដោយលោកវរសេនីយ៍ឯក ស៊ីម វណ្ណៈ អធិការនគរបាលស្រុកអន្លង់វែង សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ទោ ឆាន់ គឹមលី នាយការិយាល័យអនុវត្តដីកា និងកម្លាំងផែននគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ឡឹក សុខា ស្នងការរងនគរបាលខេត្តឧត្តរមានជ័យ។
បច្ចុប្បន្នជនសង្ស័យខាងលើកម្លាំងអធិការដ្ឋាននគរបាលស្រុកអន្លង់វែង និងកម្លាំងនាយដ្ឋាន បានបញ្ជូនខ្លួនទៅកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីចាត់ការតាមនីតិវិធី៕