Wednesday, July 16, 2025
Homeព័ត៌មានជាតិមកពីផឹកស្រវឹង ហែកជញ្ជាំងផ្ទះបម្រុង ផ្អើលទាំងយប់

មកពីផឹកស្រវឹង ហែកជញ្ជាំងផ្ទះបម្រុង ផ្អើលទាំងយប់

ខេត្តបន្ទាយមានជ័យ ៖ ករណីអំពើហិង្សាមួយ ដោយបុរសម្នាក់ ក្រោយពីត្រឡប់មកពីផឹកស៊ីស្រវឹងធ្លាក់ភ្នែកវិញ បើកទ្វាររបូតគន្លឹះចូលផ្ទះមិនកើត ក៏ហែកស័ង្កសីជញ្ជាំងផ្ទះ ដើម្បីបើកផ្លូវចូល លុះប្អូនថ្លៃឃាត់មិនស្តាប់ ក៏ស្ទុះទៅទាញដំបងឈើវាយសំពង បណ្តាលឱ្យរយះក្បាល ធ្វើឱ្យបុរសជាបងថ្លៃខឹង ក៏ទាញបំពង់ទីបវាយសំពងសងវិញ បណ្តាលឱ្យរងរបួសធ្ងន់ទាំងពីរនាក់ និងត្រូវក្រុមគ្រួសារដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យទាំងយប់ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩ និង០៥នាទីយប់ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨  នៅចំណុចភូមិអូរវែងត្បូង ឃុំតាបែន ស្រុកស្វាយចេក។

ភាគីជំលោះទាំងសងខាងរួមមាន ភាគីទី១-ឈ្មោះចាន់ បញ្ញា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ត្រូវជាបងថ្លៃ។ ចំណែក ភាគីទី២-ឈ្មោះលី សាលាភ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកសិករ ត្រូវជាប្អូនថ្លៃ។ អ្នកទាំង២ ស្នាក់នៅផ្ទះជាមួយគ្នា ស្ថិតក្នុងអូរវែងត្បូង ឃុំតាបែន ស្រុកស្វាយចេក។

ក្រោយកើតហេតុ បងប្អូនសាច់ញាតិ ក៏នាំគ្នាចេញមកជួយឃាត់ និងបានដឹកបញ្ជូនឈ្មោះចាន់ បញ្ញា ទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក ស្រុកស្វាយចេក។ ចំណែកឈ្មោះលី សាលាភ ត្រូវបានបញ្ជូនទៅព្យាបាលនៅពេទ្យបង្អែកកម្ពុជា-ជប៉ុន មង្គលបូរី។

តាមការបញ្ជាក់ពីក្រុមគ្រួសារខាងលើ ឈ្មោះចាន់ បញ្ញា គឺជាមនុស្សមានសតិមិនសូវល្អប៉ុន្មានទេ ដោយសារពីមុនធ្លាប់ប្រើប្រាស់ថ្នាំញៀន កាលពីរស់នៅ និងធ្វើការនៅស្រុកថៃ ហើយពេលត្រឡប់មកស្រុកវិញ ដើរតែផឹកមិនធ្វើការងារទេ។

ជុំវិញករណីហិង្សាខាងលើនេះ លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានបញ្ជាក់ថា ដោយករណីនេះ ជាអំពើហិង្សាដោយសហព័ទ្ធ រវាងបងថ្លៃ និងប្អូនថ្លៃ និងពុំមានការប្តឹងផ្តល់គ្នា ទើបសមត្ថកិច្ចពុំមានការចាប់ឃាត់ខ្លួនអ្នកណានោះឡើយ៕

RELATED ARTICLES