ខេត្តបន្ទាយមានជ័យ ៖ បុរសវ័យចំណាស់ម្នាក់ មានឈ្មោះឆាយ សារី អាយុ៦៧ឆ្នាំ មានស្រុកកំណើតនៅមណ្ឌល៨ ភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត តែសព្វថ្ងៃ មកជួលផ្ទះស្នាក់នៅ ក្នុងភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ត្រូវប្រពន្ធចេញទៅធ្វើការនៅស្រុកថៃចោល ស្រាប់តែពេលត្រឡប់មកវិញ ក៏បាត់ប្តីរកមិនឃើញ ស្រាប់តែរយៈពេល៥ថ្ងៃក្រោយមក ក៏ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងចម្ការដំឡូង បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចចម្ការដំឡូងមួយកន្លែង ស្ថិតក្នុងភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ផ្នែកក្បាលគ្មានស្លាកស្នាមផ្នែកមុខភ្នែក រូងជ្រៅ ផ្នែកដងខ្លួនពុំមានស្លាកស្នាមអ្វីទេ ផ្នែកពោះស្វិត (អត់អាហារ) ពុំមានស្លាកស្នាមអ្វីពាក់ព័ន្ធនឹងអំពើឃាតកម្មឡើយ។ តាមការសន្និដ្ឋាន ជនរងគ្រោះបានស្លាប់ដោយសារជំងឺរ៉ាំរ៉ៃប្រចាំកាយ និងអត់អាហារជាយូរថ្ងៃ។
សាកសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕