ភ្នំពេញ៖ ហេតុកាណ៍គ្រោះថ្នាក់ចរាចរណ័មួយបានកើតឡើង ដោយសាររថយន្តដឹកឈើមួយគ្រឿង បានបើកកៀរសិស្សសាលា២នាក់ បណ្តាលឲ្យក្មេងស្រីម្នាក់ដួលចូលក្រោមឡាន ត្រូវឡានកិនធ្លាយខួរស្លាប់ភ្លាមៗនៅនឹងកន្លែងកាលពីវេលាម៉ោង ១២និង០០នាទី ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ ដែលស្ថិតនៅតាមបណ្តោយផ្លូវបេតុងថ្មី ភូមិជម្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធ៍សែនជ័យ រាជធានីភ្នំពេញ។
ក្មេងស្រីរងគ្រោះមានឈ្មោះ បាន ស្រីអូន រៀនថ្នាក់ទី៩C នៃវិទ្យាល័យហ៊ុន សែន ប៊ុន រ៉ានី អរុណវតី ចំណែកម្ចាស់រថយន្តបង្ក មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។
តាមប្រភពបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញក្មេងស្រីសិស្សសាលា២នាក់ បានជិះម៉ូតូមួយគ្រឿអ ម៉ាកស្កុបពី ពាក់ស្លាកលេខភ្នំពេញ 1GQ-7029 ឌុបគ្នាទៅរៀន ពេលជិះតាមផ្លូវសុខៗ ស្រាប់តែមានឡានដឹកឈើមួយគ្រឿង ម៉ាកហុីយ៉ាន់ដាយ ពាក់ស្លាកលេខ បាត់ដំបង 3A-1494 បានបើកទៅជិតរួចកៀរម៉ូតូ ធ្វើឲ្យធ្លាក់ក្មេងស្រីម្នាក់អង្គុយខាងក្រោយ ចូលក្រោមរថយន្ត រួចបានកិនធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័មបំផុត។ ភ្លាមៗនោះ ប្រជាពលរដ្ឋបានចាប់ខ្លួនតៃកុងរថយន្ត រួចរាយការណ៍ទៅសមត្ថកិច្ចដើម្បីចុះអន្តរាគមន៍។
ក្រោយទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ រួចហៅរថយន្តសង្គ្រោះ មកដឹកសាកសពក្មេងស្រីរងគ្រោះ ចំណែកតៃកុងរថយន្ត រួមនឹងរថយន្តបង្ក ជាមួយម៉ូតូរងគ្រោះ នៅប៉ុស្តិ៍នគរបាលត្រពាំងក្រសាំង ដើម្បីដោះស្រាយតាមនីតិវិធី៕