ភ្នំពេញ ៖ អតីតប្តីប្រពន្ធ១គូ រួមរស់បានកូនស្រីតូចមួយ ក៏ជួបរឿងរកាំរកូសលែងលះគ្នា អស់រយៈពេល៤ឆ្នាំមកហើយ ដោយប្រគល់កូនស្រីតូចទៅឱ្យខាងប្រពន្ធជាអ្នកមើលថែ។ ចំណែកប្តីក៏បានបង់អាហារកិច្ចរាល់ខែដែរ លុះមកដល់ថ្ងៃកំណើតកូនស្រី បុរសជាប្តីបានទៅសុំនាំកូនដើរលេង តែប្រពន្ធសុំទៅជាមួយដែរ លុះបុរសជាប្តីមិនព្រម ទើបធ្វើឱ្យស្ត្រីជាប្រពន្ធខឹងរករឿងផ្ទុះជម្លោះបែកផ្សែង និងឈានដល់អំពើហិង្សាវាយក្បាលម៉ូតូប្តី បណ្តាលឱ្យបែក។
ករណីជម្លោះអតីតប្តីប្រពន្ធខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ ២០១៨ ត្រង់ចំណុចផ្លូវ២០០៤ ស្ថិតក្នុងភូមិត្រពាំងល្វា២ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។
ភាគីអតីតប្តីប្រពន្ធដែលផ្ទុះជម្លោះផ្អើលទាំងយប់នេះ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ភាគីបុរសជាប្តីស្លៀកខោពណ៌ខ្មៅ ពាក់អាវយឺតដៃខ្លី ពណ៌បៃតង និងពាក់មួកការពារសុវត្ថិភាព ពណ៌ខ្មៅ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ។ ចំណែកភាគីស្ត្រីជាប្រពន្ធ ស្លៀកខោខូវប៊យ ជើងខ្លីត្រឹមជង្គង់ និងពាក់អាវយឺតដៃខ្លី ពណ៌ខ្មៅ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ប្តីប្រពន្ធទាំង២នាក់ខាងលើ បានលែងលះគ្នាអស់រយៈពេល៤ឆ្នាំមកហើយ ប៉ុន្តែមុននឹងលែងលះគ្នា ប្តីប្រពន្ធនេះបានបង្កើតកូនស្រីម្នាក់ជាចំណងនិស្ស័យ សព្វថ្ងៃអាយុ៦ឆ្នាំហើយ ហើយពេលលែងលះភាគីប្រពន្ធជាអ្នកទទួលចិញ្ចឹមកូនស្រី ដោយភាគីប្តីជាអ្នកបង់អាហារកិច្ចចិញ្ចឹមកូន ក្នុង១ខែ ៣០ដុល្លារ និងតែងបង់ជារៀងរាល់ខែ។
ប្រភពដដែលបន្តថា លុះមកដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ ត្រូវជាថ្ងៃកំណើតរបស់កូនស្រីអាយុគំរប់៦ឆ្នាំ ទើបភាគីបុរសជាប្តីបានមកសុំយកកូនស្រីទៅដើរលេងញ៉ាំអីឱ្យសប្បាយម្តង តែត្រូវភាគីប្រពន្ធ (ម្តាយក្មេងស្រី) សុំទាមទារទៅជាមួយដែរ តែបុរសជាប្តីមិនព្រមឱ្យទៅ ព្រោះចង់តែដើរលេងជាមួយនឹងកូនស្រីតែ២នាក់ប៉ុណ្ណោះ ជាហេតុធ្វើឱ្យភាគីស្ត្រីជាប្រពន្ធ កើតទុក្ខមិនសុខចិត្តបង្កជាជម្លោះ ឈ្លោះប្រកែកគ្នា បែកផ្សែងពេញផ្លូវ រហូតឈានដល់អំពើហិង្សា ដោយភាគីស្ត្រីជាប្រពន្ធ បានធ្វើសកម្មភាពវាយក្បាលម៉ូតូ០១៨ មួយគ្រឿង របស់អតីតប្តី បណ្តាលឱ្យបែក ផ្អើលដល់ប្រជាពលរដ្ឋអ្នកដំណើរចោមរោមមើល និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះជួយអន្តរាគមន៍ភ្លាមៗ។
ក្រោយកើតហេតុ បន្ទាប់ពីសមត្ថកិច្ចចុះទៅអន្តរាគមន៍ ទើបភាគីទាំងពីរព្រមចែកផ្លូវគ្នារៀងខ្លួន ដោយខាងស្រីនាំកូនត្រឡប់ទៅផ្ទះ រីឯខាងប្រុសបានត្រឹមបែកក្បាលម៉ូតូបើកត្រឡប់ទៅផ្ទះវិញដូចគ្នា៕