ខេត្តកណ្តាល ៖ កំលោះជនជាតិចិនម្នាក់ បានលួចលាក់រៀបការជាមួយនឹងកូនក្រមុំជនជាតិខ្មែរ ដោយពុំមានច្បាប់ទម្លាប់ត្រឹមត្រូវ លុះរឿងរ៉ាវបែកធ្លាយដឹងដល់សមត្ថកិច្ច ក៏ចុះផ្អាកពិធីមង្គលការលួចលាក់ខាងលើទាំងពាក់កណ្តាលទី បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង11និង30នាទីព្រឹក ថ្ងៃទី02 ខែធ្នូ ឆ្នាំ 2018 នៅចំណុចភូមិសំរោងក្អែ3 ឃុំសំរោងធំ ស្រុកកៀនស្វាយ។
ភាគីកូនកំលោះ មានឈ្មោះ YANG XIMING អាយុ30ឆ្នាំ ជាជនជាតិចិន បច្ចុប្បន្ន ស្នាក់នៅសិប្បកម្មបោះពុម្ភ លី ផេង ឯរាជធានីភ្នំពេញ កាន់លិខិតឆ្លងដែនលេខ E82486140 ផុតកំណត់ថ្ងៃទី07 ខែកក្កដា ឆ្នាំ2026 និងទិដ្ឋាការលេខ EI01027234 ផុតកំណត់ថ្ងៃទី27 ខែសីហា ឆ្នាំ2019។ ចំណែកភាគីកូនក្រមុំ មានឈ្មោះតូ ស្រីជាតិ អាយុ25ឆ្នាំ ជាជនជាតិខ្មែរ មានលំនៅបច្ចុប្បន្នក្នុងភូមិឃុំរៀបមង្គលការខាងលើ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចស្រុកកៀនស្វាយ បានបញ្ជាក់ឱ្យដឹងថា នៅម៉ោង10និង30នាទីព្រឹក ថ្ងៃទី02 ខែធ្នូ ឆ្នាំ2018 មានសេចក្តីរាយការណ៍ថា មានពិធីរៀបមង្គលការមួយនៅចំណុចភូមិឃុំខាងលើ ដែលមានកូនកំលោះជាជនជាតិចិន និងកូនក្រមុំជាជនជាតិខ្មែរ ខណៈដែលអាជ្ញាធរស្រុក ពុំបានចេញច្បាប់ទម្លាប់ឱ្យនោះឡើយ។
ប្រភពខាងលើ បន្តថា បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងសមត្ថកិច្ចនគរបាលជំនាញស្រុក សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍មូលដ្ឋាន បានចុះទៅធ្វើការបញ្ឈប់ការរៀបអាពាហ៍ពិពាហ៍នេះភ្លាមៗតែម្តង។
ក្រោយពីធ្វើការបញ្ឈប់ការរៀបអាពាហ៍អាពាហ៍ខាងលើរួចហើយ សមត្ថកិច្ចក៏បានកសាងសំណុំរឿងតាមនីតិវិធីច្បាប់ផងដែរ៕