ខេត្តកោះកុង ៖ បុរសម្នាក់មានឈ្មោះទុំ រស់ អាយុ៣៥ឆ្នាំ បានត្អូញប្រាប់ប្រពន្ធថា មិនសូវស្រួលខ្លួនសោះ លុះប្រពន្ធកោសខ្យល់ឱ្យរួចហើយ ក៏ដើរទៅអង្គុយលេងនៅលើរោងមាត់ស្រះទឹក ស្រាប់តែអកុសល កើតមានអាការងងឹតមុខធ្លាក់ចូលទឹក បណ្តាលឱ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៨ និង៥០នាទីព្រឹក នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចក្នុងស្រះទឹកខាងក្រោយផ្ទះ ជនរងគ្រោះស្ថិតក្នុងភូមិតាធង ឃុំដងពែង ស្រុកស្រែអំបិល។
តាមសម្តីរបស់ស្ត្រីជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ប្តីរបស់គាត់ប្រាប់ថាអត់សូវស្រួលខ្លួន ហើយគាត់ជាប្រពន្ធក៏បានទៅកោសខ្យល់ឱ្យរួចហើយ ក៏ដើរទៅហាលត្រីនៅក្រោយទ្រុងជ្រូក រីឯប្តីបានដើរទៅអង្គុយលេងនៅលើរោងលើស្រះទឹកតែម្នាក់ឯង លុះមួយសន្ទុះក្រោយមក ស្រាប់តែមានក្មេងរត់មកប្រាប់ថា ប្តីរបស់គាត់បានធ្លាក់ចូលទឹកស្រះ ធ្វើឱ្យគាត់ស្រែកឆោឡោហៅអ្នកជិតខាង ឱ្យមកជួយដែរ ចុះស្រង់ប្តីភ្លាមៗដែរ តែអកុសល ប្តីរបស់គាត់បានដាច់ខ្យល់បាត់ទៅហើយ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង។
ក្រោយទទួលបានសេចក្តីរាយការណ៍ខាងលើ សមត្ថកិច្ចប៉ុស្តិ៍ដងពែង សហការជាមួយអាជ្ញាធរភូមិឃុំ បានចុះពិនិត្យ និងធ្វើកោសល្យវិច័យ០សព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាកើតអាការខ្យល់គធ្លាក់ចូលទឹកស្រះ បណ្តាលឱ្យលង់ទឹកស្លាប់ប្រាកដមែន។
សាកសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕