ភ្នំពេញ ៖ ហេតុការណ៍គ្រោះអគ្គិភ័យដ៏រន្ធត់មួយ បានកើតឡើងយ៉ាងសន្ធោសន្ធៅទាំងកណ្តាលរាត្រី នៅចំណុចលំនៅដ្ឋានមួយកន្លែងក្នុងបុរីចំការមន លុះម្ចាស់ផ្ទះជាបងស្រីភ្ញាក់ដឹងខ្លួន ក៏រត់ចេញមកក្រៅទាន់ អកុសលតែបុរសជាប្អូនទម្រាំភ្ញាក់ដឹងខ្លួនយឺតពេលទៅហើយ ដោយភ្លើងបានឆេះរលាកពេញ ខ្លួន និងបានព្យាយាមស្ទុះរត់ចេញមកវ៉េរង់ដាខាងមុខផ្ទះជាន់ទី២ ស្រែកសុំជំនួយ លុះសមត្ថកិច្ចកំពុងរៀបជណ្តើរដាក់ឡើងទៅសង្គ្រោះ ស្រាប់តែ ជនរងគ្រោះ បានសម្រេចចិត្តលោតទម្លាក់ខ្លួនចុះក្រោម បណ្តាលឱ្យបោកទៅនឹងថ្មរងរបួសកាន់តែធ្ងន់ថែមមួយជាន់ទៀត លុះដឹកបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ ក៏ដាច់ខ្យល់ស្លាប់នៅលើរថយន្តសង្គ្រោះយ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២ និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ G17 ក្នុងបុរីចំការមន ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ជនរងគ្រោះស្លាប់ក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ មានឈ្មោះចំរើន មាសសុវិមាន អាយុ២៥ឆ្នាំ ស្នាក់នៅផ្ទះកើត ហេតុខាងលើ និងមានស្រុកកំណើតនៅឯក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ក្រោយកើតហេតុ សមត្ថកិច្ចបានទាក់ទងហៅរថយន្តសង្គ្រោះបន្ទាន់មកដឹកបញ្ជូនជនរងគ្រោះ បំណងយកទៅសង្គ្រោះនៅមន្ទីរពេទ្យ កាល់ម៉ែត ដែរ តែអកុសល ដោយសារតែស្ថានភាពរបួសធ្ងន់ធ្ងរខ្លាំងពេក ទើបជនរងគ្រោះទ្រាំទ្រលែងបាន ក៏ដាច់ខ្យល់ស្លាប់នៅលើរថយន្តសង្គ្រោះបន្ទាន់ យ៉ាងអាណោចអាធ័ម និងត្រូវបានរថយន្តសង្គ្រោះដឹកត្រឡប់មកកាន់លំនៅដ្ឋានវិញ ប្រគល់ឱ្យក្រុមគ្រួសារ ហើយក្រុមគ្រួសារក៏បានដឹកសពជនរងគ្រោះទៅតម្កល់នៅវត្តឧត្តរាវត្តី ស្ថិតក្នុងខណ្ឌឫស្សីកែវ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕