ខេត្តកោះកុង ៖ គូស្នេហ៍មួយគូនេះ បានសម្រេចចិត្តលេបថ្នាំកណ្តុរសម្លាប់ខ្លួន តែដោយសារថ្នាំធ្វើទុក្ខខ្លាំងពេក ក៏នាំគ្នាមកមន្ទីរពេទ្យដោយខ្លួនឯង បន្ទាប់ពីស្រលាញ់គ្នារាប់ឆ្នាំ តែខាងក្រុមគ្រួសារខាងស្រីមិនពេញចិត្ត ក៏នាំគ្នាគិតខ្លីបែបនេះ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រមាណ08និង15នាទីយប់ ថ្ងៃទី04 ខែធ្នូ ឆ្នាំ2018 ។
ជនរងគ្រោះខាងប្រុស ឈ្មោះជិន សុខឌី អាយុ21ឆ្នាំ មុខរបរកម្មករសំណង់ បច្ចុប្បន្នស្នាក់នៅភូមិ01សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ចំណែកជនរងគ្រោះខាងស្រី ឈ្មោះបុត សុភាព អាយុ23ឆ្នាំ មុខរបរលក់បន្លែ ទីលំនៅភូមិ2សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
តាមប្រភពព័ត៌មានបានឲ្យដឹងថា គូស្នេហ៍វ័យក្មេងមួយគូនេះ បានស្រលាញ់គ្នាអស់រយៈពេលជាយូរមកហើយ តែដោយសារគ្រួសារខាងស្រីមិនពេញចិត្ត ពួកគេទាំងពីរគិតខ្លីក៏សម្រេចចិត្តផឹកថ្នាំកណ្តុរដើម្បីសម្លាប់ខ្លួន ប៉ុន្តែដោយសារពិបាកក្នុងខ្លួនខ្លាំងពេក ពួកគេក៏នាំគ្នាមកកាន់មន្ទីរពេទ្យដោយខ្លួនឯង ដើម្បីឲ្យក្រុមគ្រូពេទ្យជួយសង្រ្គោះ។
រហូតមកដល់ពេលនេះ គូស្នេហ៍មួយគូនេះបានរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិតហើយ បន្ទាប់ពីក្រុមគ្រូពេទ្យជួយសង្រ្គោះបានទាន់ពេលវេលា។
យ៉ាងណា អ្នកសារព័ត៌មានយើង រង់ចាំទទួលការបកស្រាយពីភាគីពាក់ព័ន្ធទាំងអស់៕