Friday, July 4, 2025
Homeព័ត៌មានជាតិបុរសម្នាក់ត្រូវក្រុមប៉ូលិសបាញ់បាក់ភ្លៅ ជាកូនលោកផ្កាយ៣ បដិសេធបាញ់តដៃ

បុរសម្នាក់ត្រូវក្រុមប៉ូលិសបាញ់បាក់ភ្លៅ ជាកូនលោកផ្កាយ៣ បដិសេធបាញ់តដៃ

ភ្នំពេញ ​៖ ក្រោយពីមានករណីផ្ទុះអាវុធដាក់គ្នារវាងជនស្លៀកពាក់សុីវិល និងក្រុមសមត្ថកិច្ច​ខណ្ឌ​ដង្កោ និង​ខណ្ឌ​មានជ័យ ដែលធ្វើឲ្យជនសុីវិលរូបនោះ រងរបួសបាក់ភ្លៅ កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ នោះ នៅចំណុច​ម្ដុំ​ផ្សារ​ដី​ថ្មី ក្នុង​សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ ត្រូវគេស្គាល់អត្តសញ្ញាណហើយ ជនសុីវិលរូបនោះ គឺជាមន្ត្រី​យោធា​នៅ​បញ្ជាការកងអង្គរក្ស និង​ត្រូវ​ជា​កូន​ឧត្តមសេនីយយោធា​ផ្កាយ​បីម្នាក់ផងដែរ។

ជនសុីវិលដែលរងរបួសដោយសមត្ថកិច្ចបាញ់នោះ មានឈ្មោះ​ឯល ស៊ឹម​សុភ័ក្ត្រ មុខរបរជា​មន្ត្រី​យោធា​ស័ក្តិ​បី (អនុសេនីយន៌ឯក) នៅ​បញ្ជាការដ្ឋាន​អង្គរក្ស។

គួរបញ្ជាក់ថា ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចប្រដេញតាមយ៉ាងប្រកិត និងព្យាយាមឃាត់ឱ្យឈប់ ប៉ុន្តែមិនព្រមឈប់ ចេះតែព្យាយាមរត់គេច និងថែមទាំងដកកាំភ្លើងប្រុងបាញ់តដៃជាមួយសមត្ថកិច្ច ដើម្បីរំដោះខ្លួនទៀត ភ្លាមនោះ សមត្ថកិច្ចក៏សម្រេចផ្ទុះអាវុធចំនួន៣គ្រាប់ បណ្តាលឱ្យត្រូវចំភ្លៅ១គ្រាប់ ទើបរត់លែងរួច ត្រូវសមត្ថកិច្ចក្របួចជាប់។

ហេតុការណ៍បង្ក្រាបជនសង្ស័យខាងលើនេះ មិនទាន់ដឹងថា ជាករណីអ្វីឱ្យប្រាកដនៅឡើយ តែបានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចទល់មុខផ្សារដីថ្មី ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចមិនទាន់ប្រាប់ថាដេញតាមតាំងពីចំណុចណា និងពាក់ព័ន្ធបទល្មើសអ្វីនៅឡើយទេ គ្រាន់តែបង្ហើបប្រាប់ថា នៅមុនពេលកើតហេតុ ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចប្រដេញតាមប្រមាញ់យ៉ាងប្រកិត ហើយជនសង្ស័យរូបនេះ មានកាំភ្លើង និងបម្រុងនឹងបាញ់តដៃជាមួយសមត្ថកិច្ច ទើបកម្លាំងសមត្ថកិច្ចបាញ់ចំនួន៣គ្រាប់ ត្រូវចំជើងជនសង្ស័យចំនួន១គ្រាប់ បណ្តាលឱ្យបាក់ជើងនៅនឹងកន្លែងតែម្តង។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា គេឃើញសមត្ថកិច្ចបានប្រដេញតាមជនសង្ស័យខាងលើ លុះមកដល់ចំណុចទល់មុខផ្សារដីថ្មី ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ស្រាប់តែជនសង្ស័យដកកាំភ្លើងបម្រុងបាញ់តដៃជាមួយនឹងសមត្ថកិច្ច ដើម្បីរំដោះខ្លួន តែភ្លាមនោះ កម្លាំងសមត្ថកិច្ចក៏បានបាញ់ចំនួន៣គ្រាប់ បណ្តាលឱ្យត្រូវជនសង្ស័យ១គ្រាប់ ធ្លាយភ្លៅនៅនឹងកន្លែង រួចក៏ធ្វើការឃាត់ខ្លួនភ្លាមៗ ដោយសែងដាក់រថយន្តដឹកចេញទៅបាត់តែម្តង។

ដោយឡែក លោក​ឯល ស៊ឹម​សុភ័ក្ត្រ ដែលជាជនរងគ្រោះត្រូវក្រុមសមត្ថកិច្ចបាញ់បាក់ភ្លៅនោះ បានប្រាប់អ្នកសារព័ត៌មាននៅឯមន្ទីរពេទ្យកាលម៉ែត្រ ថា លោក​មិន​បាន​បាញ់​តដៃ​ជាមួយ​ប៉ូលិស ដូច​ជា​ការលើកឡើងរ​បស់​ក្រុម​ប៉ូលិស​នោះ​ទេ​។ ហើយ​នៅ​ពេល​បាញ់​ត្រូវ​ភ្លាម ខ្លួន​ចង់​ប្រាប់ថា ខ្លួន​ក៏​ជា​សមត្ថកិច្ច​ដែរ តែ​គេ​មិន​ស្តាប់​ វ៉ៃ​យកៗ និង​ចាប់​ដាក់​ខ្នោះ​ថែមទៀត​។ ចំណែក​កាំភ្លើង​របស់គាត់ ម៉ា​កឡុក​៩៨ មាន​១២​គ្រាប់​។​

នៅពេលនេះផងដែរ ក្រុមគ្រួសារជនរងគ្រោះបានពាក្យបណ្តឹងទៅនាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ សម្តេច​ក្រឡស​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​តុលាការ ករណីក្រុមប៉ូលិសបានបាញ់ជនរងគ្រោះបាក់ភ្លៅ ដើម្បី​រកយុត្តិធម៌ និងយក​ជនដៃដល់​មក​ផ្តន្ទាទោស​តាមច្បាប់​។

យ៉ាងណា អ្នកសារព័ត៌មានយើងមិនអាចទាក់ទងទៅសមត្ថកិច្ចខណ្ឌមានជ័យ និងខណ្ឌដង្កោ បាននៅឡើយ ប៉ុន្តែយើងស្វាគមន៍ការបកស្រាយពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES