Saturday, July 5, 2025
Homeព័ត៌មានជាតិឪក្មេកកាន់សំបកមកប្តឹងសមត្ថកិច្ច កូនប្រសាបាញ់៤គ្រាប់ ខឹងប្រពន្ធមិនព្រមរួមស្នេហ៍ជាថ្មី

ឪក្មេកកាន់សំបកមកប្តឹងសមត្ថកិច្ច កូនប្រសាបាញ់៤គ្រាប់ ខឹងប្រពន្ធមិនព្រមរួមស្នេហ៍ជាថ្មី

ភ្នំពេញ ៖ បុរសជាមន្ត្រីយោធាម្នាក់ ក្រោយពីលែងលះប្រពន្ធបានមួយរយៈ ក៏ព្យាយាមតាមសុំប្រពន្ធត្រូវរ៉ូវគ្នាវិញ តែប្រពន្ធមិនព្រម ស្រាប់តែបុរសជាប្តីផ្ទុះកំហឹង ក៏ទាញកាំភ្លើងខ្លីបាញ់ចូលទៅ ក្នុងផ្ទះប្រពន្ធទាំងកណ្តាលអធ្រាត្រ បង្កឱ្យមានការភ្ញាក់ផ្អើល និងធ្វើឱ្យស្ត្រីជាប្រពន្ធ រួមនឹងក្រុមគ្រួសារ ភ័យស្លោភ្នែក និងបានរើសសំបកគ្រាប់ រត់មកដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។

ហេតុការណ៍ប្តីខឹងតាមសុំប្រពន្ធជានាគ្នាវិញ អត់បាន បែរជាដកកាំភ្លើងបាញ់ចូលផ្ទះប្រពន្ធនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាពាក់កណ្តាលអធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែធ្នូ នៅចំណុចផ្ទះលេខ៧៦ ភូមិដើមស្លែង១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។

យោងតាមពាក្យបណ្តឹងរបស់បុរសឈ្មោះវ៉ែន លីន អាយុ៤៩ឆ្នាំ ដែលត្រូវជាឪពុកក្មេករបស់ជនដៃដល់ បានឱ្យដឹងថា អ្នកដែលបានបាញ់ចូលក្នុងផ្ទះរបស់គាត់ គឺជាអតីតកូនប្រសាប្រុសរបស់គាត់ ឈ្មោះមឿន តុលា អាយុ២៩ឆ្នាំ មុខរបរជាយោធា។ ឈ្មោះមឿន តុលា បានចុះចេញពីផ្ទះ ដោយលែងលះជាមួយកូនស្រីរបស់គាត់ តាំងពីកូនរបស់គាត់សម្រាលកូនបាន៧ថ្ងៃមកម៉្លេះ។ ហើយក៏បានមកផ្តិតមេដៃលែងលះត្រឹមត្រូវ នៅសាលាសង្កាត់ច្បារអំពៅទី២ ដែលមកដល់ថ្ងៃនេះ អស់រយៈពេលជាង២ឆ្នាំមកហើយ។

ពាក្យបណ្តឹងដដែលបន្តថា ក្នុងអំឡុងពេល២ខែកន្លងទៅនេះ ពោលគឺក្រោយពីលែងលះគ្នារួច ស្រាប់តែជនដៃដល់បានតាមមកសុំត្រូវរ៉ូវជាមួយកូនស្រីរបស់គាត់វិញ ប៉ុន្តែកូនស្រីរបស់គាត់មិនព្រម ព្រោះតែប្តីរូបនេះចិត្តសាហាវ និងតែងបង្ករឿងក្នុងគ្រួសារជាញឹកញាប់ រហូតដល់ប្រពន្ធមិនអាចទ្រាំបាន។ លុះក្រោយពីសុំប្រពន្ធត្រូវរ៉ូវគ្នាមិនបានសមដូចបំណង ទើបធ្វើឱ្យឈ្មោះមឿន តុលា ខឹងសម្បា ចេះតែមកបង្ករឿងដល់មុខផ្ទះរបស់គាត់ ឥតឈប់ឈរ។ ស្រាប់តែមកដល់ពាក់កណ្តាលអធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ ឈ្មោះមឿន តុលា ក៏បានយកកាំភ្លើងខ្លីបាញ់ចូលក្នុងផ្ទះ ដែលប្រពន្ធកូន និងឪពុកក្មេក កំពុងដេក ចំនួន៤គ្រាប់ បណ្តាលឱ្យត្រូវចំសម្ភារៈក្នុងផ្ទះ តែសំណាងណាស់ ដែលមិនត្រូវពួកគាត់ដែលកំពុងសម្រាន្តនៅក្នុងផ្ទះ។

ពាក្យបណ្តឹងខាងលើ បានស្នើសុំឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ដល់គ្រួសាររបស់ពួកគាត់ផង បើពុំដូច្នេះទេ នៅថ្ងៃណាមួយ ជននេះនឹងមកបាញ់សម្លាប់គ្រួសាររបស់គាត់ជាក់ជាមិនខាន ព្រោះជននេះមានកាំភ្លើងជាប់ខ្លួន និងថែមទាំងមានចរិតកោងកាចទៀតផង។

យ៉ាងណាក្តី ចំពោះបញ្ហានេះ ខាងសមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ករណីផ្ទុះអាវុធនេះ គឺសមត្ថកិច្ចពុំបានដឹងឡើយ លុះព្រឹកឡើង ទើបឃើញឪពុកក្មេកជនដៃដល់មកដាក់ពាក្យបណ្តឹង នៅស្នាក់ការនគរបាលប៉ុស្តិ៍ច្បារអំពៅទី២ ដោយកាន់ទាំងសំបកគ្រាប់ និងក្បាលគ្រាប់យកមកជាមួយផង។

ជុំវិញរឿងរ៉ាវខាងលើនេះ “នគរធំ” មិនទាន់អាចទាក់ទងសុំការបំភ្លឺពីភាគីបុរសជាប្តី ឈ្មោះមឿន តុលា បាននៅឡើយទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES