ខេត្តកំពង់ធំ ៖ បុរសវ័យចំណាស់ម្នាក់ ឈ្មោះម៉ី រឿន អាយុ៦១ឆ្នាំ បានឡើងទៅចងបង្អោងដើមត្នោត ស្រាប់តែអកុសល ដោយសារតែខ្វះការប្រុងប្រយ័ត្ន ក៏រអិលជើងធ្លាក់ដីស្លាប់យ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦និង៣០នាទីយប់ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចភូមិត្នោត ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះបានប្រកបរបរឡើងត្នោតរាប់ឆ្នាំមកហើយ តែមិនដែលមានរឿងអ្វីកើតឡើងនោះឡើយ ស្រាប់តែមកដល់ថ្ងៃកើតហេតុ មិនដឹងជាយ៉ាងម៉េច ក៏ស្រាប់តែធ្លាក់ពីលើចុងត្នោតស្លាប់នៅនឹងកន្លែងតែម្តង។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ គេឃើញបុរសរងគ្រោះខាងលើ បានឡើងទៅចងបង្អោងដើមត្នោត ស្រាប់តែភ្លាមនោះ ជនរងគ្រោះទំនងជាខ្វះការប្រុងប្រយ័ត្ន ទើបធ្វើឱ្យរអិលជើងធ្លាក់ចុះពីលើចុងត្នោត បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័មតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារតែធ្លាក់ ពីលើចុងត្នោតប្រាកដមែន បន្ទាប់មកក៏ប្រគល់សាកសពទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕