Saturday, July 5, 2025
Homeព័ត៌មានជាតិម៉ែចងមុង កូនៗស្រែកផ្អើលប្រញាប់ដឹកទៅមន្ទីរពេទ្យ តែគាត់ស្លាប់ទៅហើយ

ម៉ែចងមុង កូនៗស្រែកផ្អើលប្រញាប់ដឹកទៅមន្ទីរពេទ្យ តែគាត់ស្លាប់ទៅហើយ

ខេត្តកណ្តាល ៖ ស្ត្រីម្នាក់ មានឈ្មោះជុំ ស្តើង អាយុ៣៣ឆ្នាំ មុខរបរកសិករ បានរៀបចំចងមុខឱ្យកូនដេក ស្រាប់តែអកុសល ពេលយកដៃទៅតោងបង្គោលដែកបម្រុងចងខ្សែមុង ទើបធ្វើឱ្យមានចរន្តឆ្លង មកឆក់ស្ត្រីរងគ្រោះ បណ្តាលឱ្យដួលដេកស្តូកស្តឹងតែម្តង  ពេលនោះកូនៗក៏ស្រែកឆោឡោផ្អើលដល់ក្រុមគ្រួសារ និងអ្នកជិតខាង ប្រញាប់ដឹកបញ្ជូនស្ត្រីរងគ្រោះទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះជីវិតភ្លាមៗដែរ តែអកុសល ពេលដឹកទៅដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យពិនិត្យរួច ក៏បញ្ជាក់ប្រាប់ថា ស្ត្រីរងគ្រោះ បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ទើបក្រុមគ្រួសារបានដឹកយកសពត្រឡប់មកផ្ទះវិញ និងបានរាយការណ៍មកសមត្ថកិច្ច ដើម្បីធ្វើការពិនិត្យតែម្តង កាលពីវេលាម៉ោង៨និង១៥នាទីយប់ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចភូមិធំ ឃុំក្រាំងយ៉ូវ ស្រុកស្អាង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញស្រុក ប៉ុស្តិ៍ ក្រុមប្រឹក្សាឃុំ ពេទ្យឃុំ មេភូមិ បានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា នៅលើដងខ្លួនសាកសពមិនមានស្លាកស្នាមអ្វីគួរកត់សម្គាល់នោះទេ។ តាមការសន្និដ្ឋាន ស្ត្រីរងគ្រោះពិតជាត្រូវខ្សែភ្លើងឆក់ស្លាប់ ប្រាកដមែន។

សាកសពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់សពជូនក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES