ខេត្តកណ្តាល ៖ ព្រះចៅអធិការវត្តមួយអង្គ ហេតុតែចង់បានវត្ថុស័ក្តិសិទ្ធ (ចង្កូមខ្លា និងកុយ រមាស) ក៏ត្រូវជនសង្ស័យចំនួន៣នាក់ បានប្រើល្បិចបោកប្រាស់ជាប្រព័ន្ធ ដោយយកចង្កូមខ្លា និងកុយរមាសក្លែងក្លាយ មកលក់ឱ្យក្នុងតម្លៃ៥ពាន់ដុល្លារ ទីបំផុត ក្រោយពីដឹងថា ជារបស់ក្លែងក្លាយ ព្រះចៅអធិការជាជនរងគ្រោះ បានសម្រេចដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ចាប់ឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ កាលពីរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចបរិវេណវត្តពោធិកំបោ ភូមិពោធិកំបោ ឃុំវិហារលួង ស្រុកពញាឮ។
ជនសង្ស័យទាំង៣នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ជាប់ពាក់ព័ន្ធអំពើឆបោក រួមមាន ទី១-ឈ្មោះរ៉ូន រ៉សេត ភេទប្រុស អាយុ៤១ឆ្នាំ ជាជនជាតិខ្មែរឥស្លាម មានលំនៅក្នុងភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ទី២-ឈ្មោះជេត សាវឿន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរកសិករ មាន លំនៅក្នុងភូមិព្រែកជីក ឃុំកោះចិន ស្រុកពញាឮ និង៣-ឈ្មោះហ៊ឹម ហ៊ី ភេទប្រុស អាយុ៧២ឆ្នាំ មុខរបរទិញអេតចាយ មានលំនៅក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។ រីឯភាគីជនរងគ្រោះក្នុងអំពើឆបោកនេះ គឺជាព្រះតេជគុណព្រះនាម ស៊ុន ហុក ព្រះចៅអធិការវត្តពោធិកំបោ ភូមិពោធិកំបោ ឃុំវិហារលួង ស្រុកពញាឮ។
ក្នុងការឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបាន ដកហូតវត្ថុតាង រួមមាន ១-កូនកាបូបស្ពាយ ពណ៌ខ្មៅ១ ប្រម៉ាត់សត្វជ្រូកស្រុក៥ ស្នែងសត្វគោ១ ដុំថ្មពណ៌ខ្មៅ១ដុំ គ្រាប់អង្កាំ១ថង់តូច ម៉ែត្រតូច១ ឆ្អឹងសត្វពណ៌ខ្មៅ១ ជញ្ជីងសម្រាប់ថ្លឹងត្បូង១ ដុំពណ៌សមានរូបរាងដូចចង្កូមសត្វខ្លា (តូច ១គូ មធ្យម១គូ និងធំ១គូ) ទូរស័ព្ទ៦គ្រឿង ម៉ាក XTG ១គ្រឿង, ម៉ាក Oppo A3S ១គ្រឿង, ម៉ាក Nokia ១គ្រឿង, ម៉ាក Camfone ១គ្រឿង, ម៉ាក Samsung ១គ្រឿង, ម៉ាក Hauwai ១គ្រឿង, កូនថង់តូចៗ១ដុំ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ១សន្លឹក។
តាមប្រភពពីសមត្ថកិច្ចស្រុកពញាឮ បានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅ ឈ្មោះជេត សាវឿន បានទៅផឹកកាហ្វេនៅម្តុំគល់ស្ពានព្រែកក្តាម ពេលនោះបានជួបនិងឈ្មោះអឿន ភេទប្រុស រស់នៅភូមិឃុំជាមួយគ្នា ហើយឈ្មោះអឿន បាននិយាយប្រាប់ខ្លួនថា មានព្រះចៅអធិការវត្តពោធិកំបោ ព្រះអង្គចង់បានចង្កូមសត្វខ្លា និងកុយរមាស បើមានយកទៅប្រគេនអង្គមើល ព្រោះព្រះអង្គចង់ជាវ។ ឮដូច្នេះនៅថ្ងៃទី២៧ ខែវិច្ឆិកា វេលាម៉ោងប្រហែល១១និង៣០នាទីព្រឹក ឈ្មោះជេត សាវឿន បានទៅជួបព្រះចៅអធិការ ព្រះនាម ស៊ុន ហុក គង់នៅវត្តពោធិកំបោ ហើយបានទូលព្រះអង្គ តើព្រះអង្គចង់បានចង្កូមសត្វខ្លាឬ? ព្រះចៅអធិការតបថា ចង់បានចង្កូមសត្វខ្លា ដែលសុទ្ធល្អ។
ប្រភពដដែលបន្តថា លុះមកដល់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង៨ព្រឹក ឈ្មោះជេត សាវឿន បានទាក់ទងទូរស័ព្ទទៅឈ្មោះរ៉ូន រ៉សេត ដោយណាត់ជួបគ្នានៅតូបកាហ្វេ ម្តុំក្រោយផ្សារគីឡូលេខ៧ ហើយឈ្មោះជេត សាវឿន បាននិយាយប្រាប់ឈ្មោះរ៉ូន រ៉សេត ថា មានព្រះសង្ឃគង់នៅវត្តពោធិកំបោ ចង់បានចង្កូមសត្វខ្លា បន្ទាប់មកឈ្មោះរ៉ូន រ៉សេត ក៏បានឱ្យចង្កូមសត្វខ្លាក្លែងក្លាយចំនួន៣គូ ឱ្យទៅឈ្មោះ ជេត សាវឿន ដាក់លក់តម្លៃ៤២០០ដុល្លារ រួចឈ្មោះជេត សាវឿន បានយកចង្កូមសត្វខ្លា ៣គូ ជារបស់ឈ្មោះរ៉ូន រ៉សេត ទៅលក់ឱ្យព្រះចៅអធិការព្រះនាម ស៊ុន ហុក តម្លៃប្រាក់៥ពាន់ដុល្លារ ហើយឈ្មោះជេត សាវឿន បានយកប្រាក់៤២០០ដុល្លារ ទៅឱ្យឈ្មោះរ៉ូន រ៉សេត ដោយពេលនោះឈ្មោះរ៉ូន រ៉សេត បានដក ប្រាក់៣០០ដុល្លារ ឱ្យទៅឈ្មោះជេត សាវឿន ថ្លៃឈ្នួលយកទៅលក់។
ប្រភពខាងលើ បានឱ្យដឹងទៀតថា លុះដល់ថ្ងៃខែឆ្នាំដដែលពេលល្ងាច ព្រះចៅអធិការ ស៊ុន ហុក បានទូរសព្ទ័ប្រាប់ឈ្មោះជេត សាវឿន វិញថា ចង្កូមសត្វខ្លាដែលយកមកលក់ឱ្យមុននេះ គឺជារបស់ក្លែងក្លាយទេ ពេលនោះឈ្មោះ ជេត សាវឿន បានទូលព្រះអង្គភ្លាមថា ចាំយកអាសុទ្ធ មកដូរវិញ។ ហើយឈ្មោះ ជេត សាវឿន ក៏បានទូរសព្ទ័ទៅប្រាប់ឈ្មោះរ៉ូន រ៉សេត ឱ្យយករបស់សុទ្ធមកដូរប្រគេនព្រះចៅអធិការវត្តដែរ ប៉ុន្តែដោយចាំបាត់យូរពេកនៅតែមិនឃើញ ទើបនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ព្រះចៅអធិការ ស៊ុន ហុក បានសម្រេចប្តឹងសមត្ថកិច្ចស្រុកពញាឮ តែម្តង។
ប្រភពខាងលើ បានបញ្ជាក់ថា នៅថ្ងៃដដែលនោះ ឈ្មោះជេត សាវឿន បានទូរស័ព្ទទៅចៅអធិការ ស៊ុន ហុក ដើម្បីយកចង្កូមសត្វខ្លាជារបស់ពិតមកប្រគេនរួចមក ក៏បានមកជួបជុំគ្នានៅក្នុងវត្តពោធិកំបោ ពេលនោះ ឈ្មោះរ៉ូន រ៉សេត បានយកចង្កូមសត្វខ្លា ១គូ ប្រាប់ថា ជារបស់ពិតទៅ ប្រគេនដោះដូរជាមួយរបស់មិនពិត ដែលលក់ឱ្យពីមុន ពេលនោះ ព្រះចៅអធិការបានពិនិត្យមើលហើយថា ជារបស់សុទ្ធមែន ខណៈនោះ ឈ្មោះរ៉ូន រ៉សេត បានឱ្យចៅអធិការព្រះនាម ស៊ុន ហុក ថែមលុយ៥ពាន់ដុល្លារមកឱ្យខ្លួនបន្ថែមទៀត ទើបចៅអធិការបានយល់ព្រមតាមតម្លៃខាងលើ ប៉ុន្តែឱ្យបាន៤ពាន់ដុល្លារសិន នៅខ្វះ១ពាន់ដុល្លារទៀត ជនសង្ស័យឈ្មោះ រ៉ូន រ៉សេត បានសរសេរកិច្ចសន្យាលក់ដូរធានារបស់សុទ្ធលក់ដូរ មិនកែប្រែរវាងអ្នកលក់ចង្កូមខ្លា ឈ្មោះរ៉ូន រ៉សេត អ្នកទិញឈ្មោះស៊ុន ហុក គ្មានស្នាមផ្តិតមេដៃ ឬចុះហត្ថលេខានៅលើកិច្ចសន្យានេះឡើយ។
ជនសង្ស័យទាំង៣នាក់ខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕