Saturday, July 5, 2025
Homeព័ត៌មានជាតិផ្អើលនាងមច្ឆា ព្រោះតែបុរសម្នាក់ចុះលេងទឹកនៅទីនោះ

ផ្អើលនាងមច្ឆា ព្រោះតែបុរសម្នាក់ចុះលេងទឹកនៅទីនោះ

ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ គ្រាន់តែពិនិត្យតាមភិនភាគ មានវ័យប្រមាណជាង៥០ឆ្នាំ ស្លៀកខោជើងខ្លីត្រឹមជង្គង់ពណ៌ខ្មៅ និងពាក់អាវយឺតដៃខ្លី ពណ៌ខ្មៅលាយខៀវ បានអង្គុយផឹកស្រាថ្នាំតែម្នាក់ឯង នៅមាត់អាងទឹករង្វង់មូលនាងមច្ឆាផ្សារដើមថ្កូវ លុះពេលស្រវឹង ទំនងជាក្តៅស្អុះស្អាប់ខ្លាំងទ្រាំមិនបាន ក៏ចុះងូតទឹកលេង ស្រាប់តែលង់ផ្កាប់មុខស្លាប់ក្នុងអាងទឹកយ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចរង្វង់មូលនាងមច្ឆា (រង្វង់មូលផ្សាដើមថ្កូវ) ស្ថិតក្នុងសង្កាត់ផ្សាដើមថ្កូវ ខណ្ឌចំការមន។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យ រួចបញ្ជាក់ថា តាមការសន្និដ្ឋានជាជំហានដំបូង ជនរងគ្រោះ អាចស្រវឹងស្រាខ្លាំង ហើយខ្យល់គរដួលស្លាប់ក្នុងអាងទឹក ព្រោះនៅជិតសព គេឃើញមានដបស្រាថ្នាំនៅក្បែរនោះ។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចបានព្យាយាមស្រាវជ្រាវរកសាច់ញាតិសពដែរ តែមិនអាចទាក់ទងបានក៏សម្រេច ដឹកសពទៅតម្កល់ទុក នៅវត្តសន្សំកុសល ដើម្បីរង់ចាំស្រាវជ្រាវរកសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES