ភ្នំពេញ ៖ ជនសង្ស័យជាបុគ្គលិកក្រុមហ៊ុនឯកជនម្នាក់ ព្រោះតែវក់នឹងល្បែង ទើបបែកគំនិតលួចយកម៉ូតូថៅកែរបស់ខ្លួនលក់ យកលុយ ទៅស្រង់ដើម លុះចាញ់បោសគូទខោ ត្រូវថៅកែតាមរកមុខឃើញ ក៏ចាប់អូសកយកទៅប្រគល់ឱ្យសមត្ថកិច្ច នាំយកទៅចាត់ការតាមច្បាប់ កាលពីវេលាម៉ោង៧យប់ ខាងលើនេះ បានកើតឡើង កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចការិយាល័យក្រុមហ៊ុន 4DAY ស្ថិតនៅផ្ទះលេខ ២០E0 ផ្លូវបេតុង ក្រុមទី៣ ភូមិកោះអណ្តែត សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ។ រហូតមកដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ទើបថៅកែក្រុមហ៊ុនប្រទះឃើញបុគ្គលិកជើងល្អ នៅចំណុចក្នុងបុរីពិភពថ្មី ស្ថិតក្នុងភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ក៏ចាប់ឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់តែម្តង។
ជនសង្ស័យមានឈ្មោះម៉ុក សុភក្ត្រា អាយុ២៦ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន 4DAY ស្នាក់នៅភូមិតាងួន សង្កាត់កាកាប ខណ្ឌដង្កោ។ ចំណែកជនរងគ្រោះ មានឈ្មោះខេន ជីអូកា ភេទប្រុស ជាជនជាតិជប៉ុន មុខរបរប្រធានក្រុមហ៊ុន 4DAY ស្នាក់នៅផ្ទះលេខ ២០E0 ផ្លូវបេតុង ក្រុមទី៣ ភូមិកោះអណ្តែត សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ។ សម្ភារដែលសមត្ថកិច្ចចាប់ដកហូត រួមមាន ម៉ូតូ១គ្រឿង ម៉ាកហុងដាឃ្លីក ពណ៌ស ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ 1GK-6023 និង ទូរស័ព្ទម៉ាក iPhone7 មួយគ្រឿង។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យគឺជាបុគ្គលិកបម្រើការនៅក្រុមហ៊ុន 4DAY និងបានចូលធ្វើការតាំងពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨។ លុះដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ប្រធានក្រុមហ៊ុនបានប្រគល់សោរក្រុមហ៊ុនមកឱ្យជនសង្ស័យកាន់ ព្រោះគាត់ត្រូវទៅប្រទេសជប៉ុន មួយរយៈ ដោយឃើញឱកាសល្អ ណាមួយកំពុងជាប់ជំពាក់បំណុលគេវ័ណ្ឌកផង ព្រោះចាញ់ល្បែង ទើបនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ ជនសង្ស័យបានលួចយកម៉ូតូ និងទូរស័ព្ទ១គ្រឿង រួមទាំងសម្ភារការិយាល័យមួយួចំនួនទៀត បន្ទាប់មកក៏រត់គេចខ្លួនរហូតមកដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ជនរងគ្រោះជាថៅកែក្រុមហ៊ុន បានប្រទះឃើញជនសង្ស័យនៅក្នុងបុរីពិភពថ្មី ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ក៏បានឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់តែម្តង។
ក្រោយឃាត់ខ្លួន ជនសង្ស័យត្រូវបានសមត្ថកិច្ចសាកសួរ និងរៀបចំកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពញ ចាត់ការបន្តតាមនីតិវិធី៕