ខេត្តបន្ទាយមានជ័យ ៖ ក្មេងប្រុសស្រី១ក្រុម បាននាំគ្នាដើរជញ្ជាត់ត្រីនៅតាមប្រឡាយទឹក បន្ទាប់មកក៏នាំគ្នាលោតលេងនៅលើពើក ស្រាប់តែអកុសល ក្មេងស្រីម្នាក់ មានឈ្មោះឈឿម ស្រីនិត អាយុ១០ឆ្នាំ លោតផុងជើងធ្លាក់ចូលទឹក ងើបឡើងវិញមិនរួចប៉ះពើកក្រាស់ បណ្តាលឱ្យលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោងប្រហែល៨ព្រឹក ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចប្រទ្បាយទឹកមួយកន្លែង ស្ថិតក្នុងភូមិកំបោរ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ មានក្មេងប្រុសស្រីចំនួន៥នាក់ បានដើរទៅជញ្ជាត់ត្រីក្រឹមនៅប្រឡាយទឹក ទីតាំងកើតហេតុខាងលើ ដែលមានជម្រៅ២ម៉ែត្រ ទទឹង១,៥០ម៉ែត្រ ស្ថិតនៅខាងជើងសាលារៀនភូមិកំបោរ ចម្ងាយប្រមាណ៣០ម៉ែត្រ។
ប្រភពដដែលបន្តថា លុះជញ្ជាត់ត្រីរួច ក្រុមក្មេងទាំង៥នាក់ បាននាំគ្នាឡើងទៅលោតលេងពីលើពើក ស្រាប់តែពេលកំពុងលោតលេងសប្បាយ ចៃដន្យក្មេងស្រីរងគ្រោះ បែរជាផុងជើងលិចចូលទឹក លុះងើបមកវិញ នៅក្រោមពើកក្រាស់ រកកន្លែងចេញមិនរួច បណ្តាលឱ្យលង់ទឹកស្លាប់យ៉ាងអាណោចអាធ័មតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញនគរបាលបច្ចេកទេសស្រុក និងគ្រូពេទ្យមូលដ្ឋាន បានចុះធ្វើកោសល្យវិច័យសព ឃើញថា ពិតជាស្លាប់ដោយលង់ទឹកប្រាកដមែន ទើបប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕